2023-11-20 05:11
345

កំពង់ស្ពឺ៖ ជនត្រូវចោទឈ្មោះ កង តារាវិឆៃ ហៅ កង ឆាយ ដែលជាជាមន្ត្រីនគរបាល នៃអគ្គស្នងការនគរបាលជាតិ ដែលជាមេខ្លោងពាក់ព័ន្ធក្នុងករណីបាញ់បោះសេរី នៅតំបន់រមណីយដ្ឋានចំការតែ លើឧទ្យានជាតិគិរីរម្យកាលពពេលកន្លងទៅថ្មីៗនេះ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីការបង្គាប់ចាប់ខ្លួន ចេញដោយចៅក្រមសើបសួរ សេង រិទ្ធី។ 

 យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៧៣ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា «តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានបើកការស៊ើបសួរ លើជនត្រូវចោទនាមត្រកូល និងនាមខ្លួន កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមន្ត្រីនគរបាលទីកន្លែងកំណើតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ២២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ ជានីតិជន ទោសពីមុនគ្មាន»។ 

 ជនត្រូវចោទឈ្មោះ កង តារាវិឆៃ ត្រូវបានចោទប្រកាន់ពីបទ៖ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេចដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុច ចំការតែ ស្ថិតភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី រសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង០០នាទីព្រឹក បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោស បញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ 

 ចៅក្រមស៊ើបសួរយល់ឃើញថា «ជនត្រូវចោទត្រូវបានចោទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌមជ្ឈិម ឬឧក្រិដ្ឋ ដែលច្បាប់អនុញ្ញាតឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារ។ ជាងនេះទៀត បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជនត្រូវចោទបានរត់គេចខ្លួន និងមិនដឹងជារស់នៅទីណា។ ដើម្បីឱ្យកិច្ចស៊ើបសួរអាចប្រព្រឹត្តទៅបានពេញលេញគប្បីបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទខាងលើ ស្របតាមយោបល់របស់តំណាងអយ្យការ»។ 

 ហេតុដូច្នេះសម្រេច៖ ១- ឲ្យចាប់ខ្លួនឈ្មោះ កង តារាមិឆៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ដែលមានអត្តសញ្ញាណខាងលើនេះ។ ២- បញ្ជាដល់កងកម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ នឹងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់ និង ៣- បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត៕