2023-11-20 05:11
296

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុចដីចម្ការដាំបន្លែក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាលបុរសម្នាក់ចូលក្នុងបរិវេណដីដាំបន្លែគេទាំងយប់អធ្រាត្រ  ហើយម្ចាស់ដីសួរនាំ តែមិនឆ្លើយ ជាហេតុធ្វើអោយម្ចាស់ដីខឹងក៏យកកាំបិតខ្វែវកាប់ចំកជើងខាងឆ្វេងដាច់យ៉ាងរន្ធត់ ។ 

 ជនរងគ្រោះឈ្មោះ ម៉េង វ៉ាន់ឌី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ គង់ សុផាត ហៅសៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការមានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ វត្ថុតាងចាប់យកកាំបិតខ្វែវផ្លែដែកប្រវែង០,៤០cm  ដងធ្វើពីឬស្សីប្រវែង០,៨៨cmចំនួន០១ដើម(ជារបស់ជនសង្ស័យ) , ចម្ពាមចំនួន០២ និងគ្រាប់ឃ្លីធំចំនួន១២គ្រាប់ គ្រាប់ឃ្លីតូច១០គ្រាប់ គ្រាប់បាដាងកង់១០គ្រាប់ និងគ្រាប់ដែកកាត់ប្រវែង១ថ្នាំងដៃចំនួន២៥គ្រាប់(របស់ជនសង្ស័យ)។

 ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទីយប់ ជនសង្ស័យឈ្មោះ គង់ សុផាត ហៅសៅ បានចុះទៅយាមដីដាំបន្លែ ព្រោះកន្លងមក បានបាត់ប្រេងម៉ាស៊ីនបូមទឹកជាប្រចាំ។ ពេលមកដល់ដីចម្ការវេលាម៉ោងប្រហែល១១យប់ជាងជនសង្ស័យបានចាំឃ្លាំមើល… បន្តិចក្រោយជនរងគ្រោះបានដើរចូលមកដីចម្ការបន្លែរបស់ជនសង្ស័យ ពេលនោះជនសង្ស័យបានស្រែកសួរថា ពីណាគេដើរចូលមក? ដោយមិនមានការឆ្លើយតបក៏បានយកចម្ពាមបាញ់ចំនួន២គ្រាប់ទៅលើជនសង្ស័យបណ្ដាលអោយចំក្បាលតែមិនបែក ជនសង្ស័យក៏បានយកកាំបិតខ្វែវមកកាប់ជនរងគ្រោះបណ្ដាលអោយដាច់កជើងខាងឆ្វេងត្រឹមភ្នែកគោចេញពីគ្នា ស្រាប់តែឈ្មោះម៉េង វ៉ាន់ដេត(ជនរងគ្រោះ)បានយកចម្ពាមបាញ់ទៅលើជនសង្ស័យចំក្បាលខាងឆ្វេងបណ្ដាលឱ្យបែក រួចមកបក្សពួកជនរងគ្រោះបានចេញមកព័ទ្ធហើយជនសង្ស័យក៏បានរត់ស្រែកថាចោរប្លន់ៗអោយគេជួយហើយឡើងមកភូមិបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកមន្ទីរពេទ្យបង្អែកស្រុក និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យលោកសង្ឃរាជធានីភ្នំពេញ រីឯជនសង្ស័យកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ដោយកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារនៅយាមនិងឃ្លាំមើលប្រចាំការនៅមន្ទីរពេទ្យ៕