2023-11-21 02:11
307

ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣  លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកពាក់ព័ន្ធដើម្បីរៀបចំការប្រគំតន្ត្រី និងតាំងពិព័រណ៍ នៅទុលមុខសាលខេត្តកោះកុង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៣ ។

 ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងខេមរភូមិន្ទ សហការជាមួយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំប្រគំតន្ត្រី និងតាំងពិព័រណ៍មួយឡើយនៅមុខទីធ្លាសាលាខេត្តកោះកុង នៅថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៥:០០នាទី រសៀលរហូតតទៅដែលមានកម្មវីធីធំៗចំនួន២ មានដូចជា៖

 -ការរៀបចំការប្រគំតន្ត្រីដែលមានការចូលពីសំណាក់តារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា

 -ការតាំងពិព័រណ៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ដែលមានការតាំងលក់ទំនិញ៤ប្រភេទស្មើ៥០ស្តង់មានដូចជា៖ស្តង់លក់ស្រាបៀហនុមាន លក់សំលៀកបំពាក់ លក់របស់ប្រើប្រាស់ និងស្តង់លក់ម្ហូបអាហារ ។

 ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលទស្សនាកម្មវិធីកម្សាន្តនេះលោក ឈេង សុវណ្ណដា អភិបាលរងខេត្ត ជាប្រធានអង្គប្រជុំបានធ្វើការបែងចែងគ្នាតួនាទី ភារកិច្ចទទួលខុសត្រូវ ដូចជា៖

  ១-កងកម្លាំង និងប្រជាការពារត្រូវទទួលខុសត្រូវរក្សាសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

  ២-ក្រុមហ៊ុនអគ្គិសនីត្រូវរៀបចំតបណ្តាញអគ្គិសនីចូលស្តង់ និងបរិវេណប្រគំតន្ត្រីទាំងមូល។

  ៣-រដ្ឋបាលក្រុងខេមរភូមិន្ទសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ជាអ្នកទទួលបោសសម្អាត និងប្រមូលសំរាមរហូតចប់កម្មវិធី។

  ៤-រដ្ឋបាលសង្កាត់ស្មាច់មានជ័យសម្របសម្រួលសណ្តាប់ធ្នាប់ ចរាចរណ៍ លើការចតយានជំនិះរបស់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធី។

 ជាចុងលោកអភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលក្រុងខេមរភូមិន្ទ និងសង្កាត់ទាំងបី ឱ្យជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តអញ្ចើញចូលទស្សនាការប្រគំតន្ត្រី និងការតាំងពិព័រណ៍ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២៣ ឱ្យបានច្រើនកោះករ ។