2023-11-21 02:11
301

 (កែប)៖   នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្តកែប ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ កាន់តែកៀកខិតជិតមកដល់ ខណៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បាននិងកំពុងពន្លឿនរៀបចំកន្លែងទីតាំងពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ នៅក្បែផ្សារក្តាមនៅខេត្តកែបត្រូវបានរៀបចំឱ្យបានល្អប្រសើរហើយនោះ ជាមួយគ្នានេះដែរ ប្រតិបត្តិករលើសេវាស្នាក់នៅមួយចំនួន ជំរុញអោយបងប្អូនប្រជាពលរដ្ឋ រួសរាន់កក់បន្ទប់អោយបានមុន។ 

 អ្នកស្រី លី លី ម្ចាស់ផ្ទះសំណាក់នៃឆ្នេរ បានអោយដឹងថា គិតមកត្រឹមថ្ងៃនេះ មានភ្ញៀវកក់បន្ទប់អ្នកស្រីបានប្រមាណ៥០% ហើយ។

 ក្នុងនោះដែរប្រតិបត្តិករទេសចរណ៍ លោក សុផាត ជាប្រធានផ្នែកលក់និងទីផ្សារនៃសណ្ឋាគារ សេវ៉ាការ៉ា ក៏បានបញ្ជាក់ផងដែរថា សណ្ឋាគារលោកបានទទួលនិងការកក់បបន្ទប់ជិតនឹងពេញហើយសម្រាប់ថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ ដោយឡែកសម្រាប់ថ្ងៃទី១ និងថ្ងៃទី៣ កំពុងទទួលការកក់បន្ទប់ទុកជាបណ្តើរៗហើយនោះដែរ។ 

 បើយោងតាមរបាយការណ៍របស់ លោក សោម ចិន្តា ប្រធានមន្ទីរទេចរណ៍ខេត្តកែប បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកែបមានកន្លែងសេវាស្នាក់នៅគ្រប់ប្រភេទជាង១០០ កន្លែងសេវាស្នាក់នៅ នៅក្នុងនោះមានបន្ទប់ជាង៦១,៦០០បន្ទប់ ហើយសម្រាប់ពិធីបុណ្យសមុទ្រដែលបានខិតជិតមកដល់នេះ នៅតាមបណ្តាទីតាំងសេវាស្នាក់នៅរបស់យើង ក៏ទទួលបានការកក់ទុកបានមួយចំនួនហើយនោះដែរ។

(សឹង រ៉ាត់)