2023-11-22 12:11
275

ភ្នំពេញ៖ ក្រុមជនសង្ស័យ ចំនូន ៣៣នាក់ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តធ្វើការសាកសួរពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទាប្រាក់ ព្រមទាំងបើកអាជីវកម្មអនឡាយដោយគ្មានច្បាប់អនុញ្ញាត។ 

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះសំណុំរឿងករណីចាប់បង្ខាំងមនុស្ស ដើម្បីជំរិតទាប្រាក់ និងបើកអនឡាញមានជនសង្ស័យ សរុបចំនួន ៣៣នាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តការសាកសួរលើជនសង្ស័យមិនទាន់បញ្ចន់នៅឡើយទេ។ 

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមជន សង្ស័យពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ដើម្បីជម្រិតទារប្រាក់ ទៅតុលាការ ចំនួន ៣៣នាក់ ក្នុងនោះមានជនជាតិចិនដីគោក ៣១នាក់, ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់។ 
ដោយឡែកចំពោះខ្មែរ ចំនួន ០៨នាក់ ត្រូវបានសមត្ថកិច្ចអនុញ្ញាតិឲ្យទៅផ្ទះវិញ ព្រោះពួកគេសុទ្ធសឹងជាកម្មករស៊ីឈ្នួលដាំបាយ និងជូតផ្ទះឲ្យជនជាតិចិន និងមិនមានពាក់ព័ន្ធឡើយ។ 

គួរំលឹកថានីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៤១នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងអនឡាញខុសច្បាប់ នៅចំណុច មុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវ បុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ការចុះបង្ក្រាប់នេះ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងនារីម្នាក់ជាជនជាតិវៀតណាម បានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ ចំនួន ២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

ស្ត្រីជាបងជនរងគ្រោះបញ្ជាក់ថា ប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងដែលក្រុមចាប់ជំរិតនោះមកឱ្យនាងទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។ 

យោងតាមរបាយការណ៍នគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៤១នាក់ ក្នុងនោះមានជនជាតិបរទេស ចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរ ចំនួន ០៨នាក់។ 

ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្ត ចំនួន ០៤គ្រឿង រួមមានរថយន្ត ម៉ាក រ៉ូសរ៉ូយ ០១គ្រឿង, ម៉ាក ធន់ត្រា ០១គ្រឿង, ម៉ាក អាល់ហ្វាត ០១គ្រឿង, ម៉ាក ឡង់គ្រីស័រ ០១គ្រឿង ទូរសព្ទដៃ ចំនួន ១៧គ្រឿង និងម៉ូតូ ០២ គ្រឿងផងដែរ៕