2023-11-22 02:11
315

ភ្នំពេញ៖      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក​ ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រកែងផ្លូវ៣០ម៉ែត្រទួលពង្រ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

​ ស្ត្រីម្នាក់ជិះម៉ូតូបណ្តើរស្រែកថាចោរៗបណ្តើរក្នុងល្បឿនលឿនជ្រុលដួលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទេ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GW 5022 ។ 

 តាមប្រភព័ត៌មា​នបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនហើយស្រែកថាចោរៗលុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលដួលបោកទៅនឹងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់សន្លប់បាត់បង់ស្មារតី។

 បើតាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា​ ជនរងគ្រោះត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចពីចំណុចមុខផ្សារទួលពង្របន្ទាប់មកជនរងគ្រោះក៏ជិះម៉ូតូដេញតាមនឹងស្រែកថាចោរៗតាមក្រោយដើម្បីឱ្យជួយស្ទាក់ រហូតដួលខ្លួនឯងតែម្តង។ 

 ចំពោះសម្ភារៈបាត់បង់នោះគ្មា​ននរណាអាចបញ្ជាក់បានទេខណៈជនរងគ្រោះសន្លប់បាត់បង់ស្មារតីបាត់ទៅហើយ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងមកទទួលយកទៅសង្គ្រោះចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ។

 យើងសង្កេតឃើញថា​ ជារៀងរាល់ថ្ងៃបទល្មើស​ លួចឆក់​ ប្លន់កំពុងតែកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ​ ដូច្នេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕