2023-11-22 03:11
319

ខេត្តប៉ៃលិន÷    យោងតាមរបាយការណ៍របស់នគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា÷កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹងពីបទលួចម៉ូតូ ចំនួន០១ករណី ដូចខាងក្រោម៖ 

-ជនរងគ្រោះឈ្មោះ មិល យ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ម៉ូតូម៉ាកសង់ ពណ៌ព្រីងទុំ សេរីឆ្នាំ1993 សេរីចាស់ ពាក់ផ្លាកលេខភ.ព4596 ចំនួន០១គ្រឿង។ 

១-ជនសង្ស័យ ឈ្មោះ អឿន កំសត់ ហៅ ឆាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ឃាត់ខ្លួន)មានផ្ទុកសារធាតុញៀន(+)។
២-ជនសង្ស័យ ឈ្មោះ ឡក់ ទី ហៅ ខ្ទីង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(គេចខ្លួនបាត់)។ 

បើតាមប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់សម្ត្តកិច្ចថា÷ករណីនេះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩និង០០នាទី ជនរងគ្រោះបានជិះម៉ូតូមកទុកនៅមុខផ្ទះដូចរាល់ដងដោយដាក់កូនសោរជាប់ហ្នឹងម៉ូតូ ហើយជនរងគ្រោះជាមួយប្រពន្ធ និងកូននាំគ្នាធ្វើបបរហូប ពេលហូបរួចជនរងគ្រោះដើរទៅអង្គុយប្រាជ្ញលេងជាមួយអ្នកលក់ចាបហួយក្បែរនោះ ហើយប្រពន្ធនិងកូនរបស់ជនរងគ្រោះបានចូលទៅសម្រាក លុះដល់វេលាម៉ោងប្រហែល២០:១០នាទីយប់ ជនរងគ្រោះបានត្រឡប់មកផ្ទះវិញមិនបានឃើញម៉ូតូនៅមុខផ្ទះនោះទេ ដោយនឹកស្មានថាកូនយកម៉ូតូចូលទៅចូលក្នុងផ្ទះ ពេលនោះជនរងគ្រោះបានចូលសម្រាកទៅ។ 

ជនរងគ្រោះបានប្រាប់សមត្តកិច្ចបន្តថា÷នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៦និង០០នាទីព្រឹក គាត់មិនឃើញម៉ូតូបានសួរនាំកូនៗទើបកូនបានប្រាប់ថា យប់មិញឃើញឈ្មោះ ឡក់ ទី ហៅ ខ្ទីង បណ្តើរម៉ូតូចេញហើយខ្លួនមិនបានសួរនាំអីដែរ ដោយគិតថាឪពុកជាអ្នកឱ្យខ្ចីម៉ូតូជិះឮពាក្យកូនប្រាប់ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ស្នើសុំឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។ 

-ក្រោយទទួលពាក្យបណ្ដឹងពីរបស់ជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤:៣៥នាទី កំណត់មុខសញ្ញាបាន និងនាំខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ។ 

-ជនសង្ស័យឈ្មោះ អឿន កំសត់ ហៅ ឆាំង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះជាមួយឈ្មោះ ឡក់ ទី ហៅ ខ្ទីង ភេទប្រុស អាយុ២១ឆ្នាំ ពិតប្រាកដមែន ពេលលួចបានពួកខ្លួនបានជិះម៉ូតូទៅព្រំបាញ់ហ្គេមត្រី លុះដល់វេលាម៉ោងប្រហែល២៣:៤០នាទីយប់ ឈ្មោះ ឡក់ ទី ហៅ ខ្ទីង បានឌុបខ្លួនពីព្រំមកផ្ទះវិញ និងបានជិះម៉ូតូទៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បាត់។ 

-ជំនាញកំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេតរកជនសង្ស័យឈ្មោះ ឡក់ ទី ហៅ ខ្ទីង ភេទប្រុស អាយុ២១ឆ្នាំ បន្តទៀត។
-ករណីខាងលើនេះលោកអធិកាក្រុងបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី។ដោយ÷ស សារឿន