2023-11-23 05:11
495

កក្រក៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក អញ្ជេីញសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ព្រមទាំងថវិកាមួុយចំនួន ជូនក្រុមគ្រួសារ យុវជន ម៉េន ឬទ្ធីសាក់ ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្រះបន្ទាយរស្មី នៃខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចេញពីប្រឡងមធ្យមសក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមគ្រួសារបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទប់សង្គ្រោះបន្ទាន់ ផ្នែកឈាមកកក្នុងខួរក្បាល។ 

បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញបានអនុញ្ញាតឱ្យក្រុមគ្រួសារយកយុវជន ម៉េន ឬទ្ធីសាក់ ទៅសម្រាកព្យាបាលនៅគេហដ្ឋាននាស្រុកកំណេីត ដេីម្បីតាមដានស្ថានភាព និងអាការៈនៃជំងឺ ប្រេីប្រាស់ឱសថតាមវេជ្ជបញ្ជា និងត្រឡប់មកជួបគ្រូពេទ្យណាត់រៀងរាល់ ១ខែម្ដង។ 

ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ផ្ដាំផ្ញេីការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ពិត ចំណាន អនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែគិតគូរពីទុក្ខលំបាកនានារបស់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ 

គួរបញ្ជាក់ ផងដែរថា យុវជន ម៉េន ឬទ្ធីសាក់ ជាប្រធានយុវជននៃវិទ្យាល័យស្រះបន្ទាយរស្មី មានការសកម្មនឹការងារសង្គម មនុស្សធម៌នៅក្នុងវិទ្យាល័យ ក៏ដូចជាសហគម៍របស់ខ្លួនផងដែរ។ កន្លងមកដោយសារគ្រួសារមានជីវភាពខ្វះខាត យុវជនរូបនេះបានបង់ការសិក្សាម្ដងរួចមកហេីយ ហេីយនៅឆ្នាំ២០២៣ នេះមកបន្ដការសិក្សាថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ 

អំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ផ្ដល់ជូនរួមមាន អង្ករ ១០០ គីឡូក្រាម មី ៤កេស ត្រីខ ៤យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួន និងចេញថ្លៃសោហ៊ុយរថយន្ដឈ្នួលជូនដំណេីរទៅស្រុកកំណេីតផងដែរ។