2023-11-23 05:11
283

ភ្នំពេញ៖ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ជូនដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩)។ 

លោកស្រី និន សាផុន បញ្ជាក់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងសំខាន់ដើម្បីឈ្វេងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ជាង ៨លាន២សែននាក់ ស្មើនឹង ៨៤.៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គជប ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ ៨២,៣% បន្តដឹកនាំស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧នេះបន្តទៀត៕