2023-11-23 05:11
233

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០ នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៤ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយ មានរបៀបវារៈ៖

១.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤។


២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤។


៣.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤។

៤.កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ខាងលើរបស់គណៈកម្មការទី២ទី៩ និងស្តាប់មតិផ្តល់យោបល់របស់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាក៏បានអនុម័តយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្តីព្រាងច្បាប់ទាំង៣ខាងលើទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១១ ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក …៕