2023-11-23 05:11
252

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើកីឡាករកីឡាការិនីអុំទូកទាំងអស់ ត្រូវរក្សាកម្លាំង កុំដើរលេងយប់ជ្រៅ កុំហូបគ្រឿងស្រវឹង ដើម្បីយកជ័យជម្នះជូនភូមិស្រុក និងក្រុមគ្រួសារ។ ការផ្តាំផ្ញើនេះ ខណៈលោក និងលោកស្រី អញ្ជើញជាអធិបតីភាពនៅក្នុងពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។

លោក ឃួង ស្រេង បានប្រាប់អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងអ្នកគ្រប់គ្រងកីឡាករអុំទូក ធ្វើការណែនាំដល់កីឡាករក្នុងអំឡុងនៃការប្រកួតអុំទូក នៅក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ ខាងមុខនេះ ហាមដាច់ខាតមិនឲ្យមាន អំពើហិង្សាកើតឡើង ផ្តើមចេញពីពាក្យសំដីក្នុងពេល និងក្រោយប្រកួត។ លោកថា «សម្រាប់ការប្រកួត បើឆ្នាំនេះយើងចាញ់គេ ឆ្នាំក្រោយ យើងឈ្នះគេវិញ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបាន ជោគជ័យ»។

លោកបន្តថា សម្រាប់កីឡាករកីឡាការិនីទាំងអស់ សូមរក្សាកម្លាំង ដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹងដែរ ធ្វើឲ្យប៉ះពាល់ដល់ទៅដល់កម្លាំង។

សូមរំលឹកថា ព្រះរាជពិធីបុណ្យអុំទូកធ្វើឡើង ដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ។

ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១ នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺរាលកូវីដ-១៩។ ហើយឆ្នាំនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអុំទូក ពោលគឺធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូន និងជោគជ័យ។ នេះជាសមិទ្ធផលដ៏ធំធេងនេះ កើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ។

ក្រៅពីការសំណេះសំណាលជាមួយកីឡាករកីឡាការិនី អុំទូក លោក ឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករកីឡាការិនីចំណុះទូកទាំង៤៤ទូកផងដែត ដែលក្នុងកីឡាករម្នាក់ ទទួលបាន អាវនិងមួកពីរកំផ្លេ ជាមួយនឹងថវិកា ៣ម៉ឺនរៀល។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញ មានទូក «ង» ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះ ទូកអ៊ុំអន្តរជាតិ ចំនួន១២ទូក ទូកអ៊ុំបុរស មានចំនួន២៥ទូក និងទូកចែវចំនួន៧ទូក៕