2023-11-23 06:11
304

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាជាតិស្តីពីការផ្តល់សុពលភាពលើផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់លោក លោកស្រី និងនាងកញ្ញាជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល UNAIDS USAID អង្គការសង្គមស៊ីវិល ប្រជាជនគន្លឹះ យុវវ័យ និងអ្នករស់នៅជាមួយមេរោគអេដស៍ជាច្រើននាក់។

ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ អង្គការ UNAIDS និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចំពោះការគាំទ្រប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគអេដស៍ និងការពង្រឹងសមត្ថភាពមូលដ្ឋាន ដើម្បីជំរុញការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាព។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងរយៈពេល៣ទសវត្សកន្លងមក។

លោកទេសរដ្ឋមន្រ្តីបានរំឭកថា នៅចន្លោះឆ្នាំ ២០១១ដល់ ២០១៧ កម្ពុជាបានទទួលពានរង្វាន់អង្គការសហប្រជាជាតិចំនួន២ ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង១០ នៅលើពិភពលោក ដែលសម្រេចបាននូវគោលដៅជាសកល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តរួមរបស់យើងនៅថ្ងៃនេះ និងឆ្នាំខាងមុខនឹងធ្វើឲ្យបេសកកម្មរបស់ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦ (២០២៤-២០២៨) អាចធ្វើទៅបានពិតប្រាកដ។ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ កម្ពុជាយើងនឹងអាចធានាថា ការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ មានការសម្របសម្រួលយ៉ាងល្អ មានបរិយាបន្ន មានសហគមន៍ដែលម្ចាស់ការ មានការអនុវត្តអភិក្រមដែលយកប្រជាជនជាធំ មានភាពធន់ និងធានាបានចីរភាព ក្នុងការបញ្ចប់ជំងឺអេដស៍ មិនឲ្យក្លាយជាការគំរាមកំហែងសុខភាពសាធារណៈនាឆ្នាំ ២០២៨ខាងមុខនេះ បានក្លាយទៅជាពិតជាក់ស្តែង។

មុននឹងប្រកាសបើកសិក្ខាសាលា លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការបញ្ចប់ជំងឺអេដស៍តម្រូវឲ្យយើងទាំងអស់គ្នា កសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការ វិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយនឹងផែនការយុទ្ធសាស្រ្តជាតិ លើកទី៦ លោកទេសរដ្ឋមន្រ្តី ផ្ញើសេចក្តីសង្ឃឹមលើអ្នកចូលរួមទាំងអស់ ក្នុងការលើកទឹកចិត្តឲ្យសហការីធ្វើការជាមួយសហគមន៍ ពិសេសយុវវ័យ។ ១. ក្នុងការបិទគម្លាតនៃគោលដៅ៩៥ដំបូង, ២. រក្សាបាននូវផលចំណេញនៃការព្យាបាលដោយផ្តោតលើសមធម៌ និង៣) ជំរុញឲ្យមានចីរភាពនិងភាពជាម្ចាស់ក្នុងការឆ្លើយនឹងមេរោគអេដស៍ និងជំងឺអេដស៍។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ដោយឈរលើគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពនៃការឆ្លើយតបនៅឆ្នាំ២០២៣-២០២៨ យើងគួរតែចាប់ផ្តើមពង្រីកវិសាលភាពនៃកម្មវិធីនានា ស្វែងយល់ស៊ីជម្រៅអំពីវិធីសាស្រ្តអន្តរាគមន៍ថ្មីៗ និងរៀបចំសកម្មភាពផ្លាស់ប្តូរ ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងចីរភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍៕