2023-11-24 09:11
258

ព្រៃវែង៖ ក្មេងប្រុសម្នាក់ ត្រូវបានម៉ាស៊ីនច្រូតថយកិន បណ្ដាលឱ្យរងរបួសធ្ងន់ បាក់ជើងស្ដាំ ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុច ដីស្រែមួយកន្លែង ស្ថិតនៅ ភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ 
ជនរងគ្រោះមានឈ្មោះ អៃ អាំ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅ ភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

មុនពេលកើតហេតុក្មេងរងគ្រោះលោតឡើងជិះម៉ាស៊ីនច្រូតស្រូវ ០១គ្រឿង ពណ៌ក្រហម បើកបរដោយឈ្មោះ ឡៃ លន់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅផ្នែកខាងក្រោយពេលដល់ចំណុចកើតហេតុនៅក្នុងដីស្រែខាងលើ ក្មេងប្រុស ឈ្មោះ អៃ អាំ បានលោតចុះដើម្បីចាប់ត្រីបណ្ដាលឱ្យម៉ាស៊ីនច្រូតដែលកំពុងធ្វើការច្រូតស្រូវហើយបានថយក្រោយកិន បណ្ដាលឱ្យបាក់ជើស្ដាំរងរបួសធ្ងន់តែម្ដង។ 

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកស្វាយអន្ទរ បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង រួចយកវត្ថុតាងម៉ាស៊ីនច្រូតទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពានរោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕