2023-11-24 04:11
283

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំជាមួយអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ដើម្បីធ្វើការផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ជាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យពួកគាត់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រលើកកម្ពស់សុខុមាលភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈកម្មវិធី

បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងត្រូវបានរាជរដ្ឋាភិបាល និតិកាលទី៧ ប្រកាសដាក់ឲ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣។ នេះក៏ចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ការវិវត្តន៍ប្រព័ន្ធសុខភាព សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា ដោយឈរលើអាទិភាពគន្លឹះទី១ «មនុស្ស» និងគោលដៅយុទ្ធសាស្ត្រទី៣ «សមធម៌» ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែម ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងរួមកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងការអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលនេះ រាជរដ្ឋាភិបាល បានតម្រង់ឆ្ពោះទៅក្រុមគោលដៅមាន២ចម្បង រួមមាន៖
*ទី១៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស
*ទី២៖ បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ
ជាមួយគ្នានេះ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលទទួលបានការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា នឹងទទួលបានអត្ថប្រយោជន៍ ចំនួន៧យ៉ាងពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រដ្ឋាភិបាលកម្ពុជាក្នុងនោះ៖
*ទី១៖ សិក្សាដោយមិនបង់ថ្លៃ
*ទី២៖ ទទួលបានប្រាក់ឧបត្ថមប្រចាំខែចំនួន ២៨ម៉ឺនរៀល/ខែ ដោយសិក្សាពេញម៉ោង
*ទី៣៖ ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ
*ទី៤៖ ទទួលបានការចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន
*ទី៥៖ ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា
*ទី៦៖ ទទួលបានជំនាញមួយពិតប្រាកដ ដែលទីផ្សារការងារកំពុងត្រូវការ
*ទី៧៖ មានឱកាសទទួលបានការងារសមរម្យ និងចំណូលទៀងទាត់៕