2023-11-24 04:11
260

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកLexusRX350 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2I-9599 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនមួយកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរម្ចាស់រថយន្តក៏បានបើកទ្វារចុះគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕