2023-11-25 02:11
280

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំងសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា រំឭកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ។ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំឭក និងអបអរសាទរ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក នៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះនឹងធ្វើការរំឭក ផ្ដល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្ដល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកខណៈពេលដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្ដល់អាទិភាពខ្ពស់គ្រប់គ្រាន់ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងប្រារព្ធព្រឹត្តិការណ៍អបអរសាទររួមទាំងបើកយុទ្ធនាការរត់ប្រណាំងសប្បាយៗនៅថ្ងៃទី២ ខែធ្នូនៅរាជធានីភ្នំពេញ។

លោកស្រីវជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានថ្លែងថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ! យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍»។ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី០១ ខែធ្នូ បានផ្ដល់ឱកាសឱ្យអ្នកតស៊ូមតិ ក្នុងការឆ្លើយតបនូវមេរោគអេដស៍/ជំងឺអេដស៍ នាំយកការយល់ដឹងការឆ្លើយតបជាសកលក្នុងការប្រយុទ្ធនឹងការមាក់ងាយ និងការរើសអើងដែលជាឧបសគ្គរារាំងដល់អ្នករស់នៅ ជាមួយមេរោគអេដស៍ ក្នុងការស្វែងរកសេវាធ្វើតស្តឈាម និងព្យាបាល។ ជាមួយគ្នានេះផងដែរ ការជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបាន នូវធនធានថវិកា ឆន្ទៈនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។

នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ពិភពលោកទាំងមូលត្រូវតែចងចាំថា អេដស៍មិនទាន់ ដល់ទីបញ្ចប់ទ។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាន និងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក
អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕