2023-11-26 02:11
225

ភ្នំពេញ​៖​ យោងតាម​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ ដែលទើប​ទទួល​នៅព្រឹកថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ពី“លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១​ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រហូឡង់”។ 

 ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាសព័ត៌មានខា​ងលេីនេះ​ បានបញ្ជាក់ថា​ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាថ្មីៗនេះ​ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចក្រ ហូឡង់។

 ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។

 លោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេស ហូ ឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្ដាលអ្នកការ ទូតកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្តល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែល នាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហូឡង់។

 ជាកិច្ចបញ្ចប់ សហប្រធានទាំងពីរ បានសម្តែងនូវក្តីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី១នេះ ដែលវាជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់ បាននូវសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំកិច្ចពិគ្រោះ យោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ៕