2023-11-26 02:11
304

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីប្រជុំជួរពិនិត្យកងកម្លាំងទាំង៧ផែន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភំ្នពេញ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ​ បានស្នើឱ្យកងកម្លាំងគ្រប់បណ្តាគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់និងអត់ធ្មត់ ដើម្បីពង្រឹងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំអំពី តួនាទីភារកិច្ច និងទិសដៅ ដល់គ្រប់បណ្តាគោលដៅទាំងអស់ រួមមាន​ដូចខាងក្រោម​៖

 -យកចិត្តទុកដាក់ទៅលើកាយវិការណាមិនសមរម្យ មិនល្អ ធ្វើឲ្យមានការប៉ះទង្គេចផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋ។

 -រកឲ្យឃើញមុខសញ្ញាសង្ស័យដែលប៉ុនប៉ងប្រព្រឹត្តិបទល្មើសចាត់វិធានការដើម្បីបង្ការទប់ស្កាត់ ។

 -ត្រូវមានវិធានការម្ចាស់ការ ដើម្បីដោះស្រាយសមស្រប និងមានប្រសិទ្ធិភាព។

 -គ្រប់បណ្តាគោលដៅត្រូវយកចិត្តទុកដាក់ពង្រឹងការការពារ​ក្រុម​ជ​ន​ទុច្ចរិត​ដែល​ជា​មុខ​សញ្ញាព្រហ្មទណ្ឌ នឹងឆ្លៀតឱកាសធ្វើសកម្មភាព លួច ឆក់…​។

 -ពង្រឹងវិធានការការពារចំពោះក្រុមអមិត្តតែងតែមានគោលបំណងបំផ្លាញសន្តិភាព ស្ថិរភាព ដែលអាចនឹងបង្ករឲ្យមានចលាចលកើតមានឡើងក្នុងអំឡុង​ពេលនៃព្រឹត្តិការណ៍។

 -ពង្រឹងសភាពការណ៍សណ្ដាប់ធ្នាប់ ដែលអាចនឹងកើតឡើងនូវការកកស្ទះចរាចរណ៍តាមដងផ្លូវជុំវិញបរិវេណប្រារព្ធពិធី។

 -បង្កើនវិធានការបង្ការ-បង្រ្កាបបទល្មើសគ្រប់ប្រភេទ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងនិងក្រៅបរិវេណប្រារព្ធពិធី។

 -ពេលមហាជនដែលចូលទស្សនា មានសភាពពេញណែន ត្រូវបិទគ្រប់ច្រកចេញចូល គ្រប់បណ្តាគោលដៅ ជាពិសេសត្រូវត្រួតពិនិត្យលិខិតស្នាមឲ្យបានច្បាស់លាស់។

 -ពង្រឹងវិន័យ វត្តមាន គ្រប់បណ្តាគោលដៅ៕