2023-11-27 10:11
245

តាកែវ៖ មុខសញ្ញារក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ហាញមុខជាមួយនឹងគ្រឿងញៀនជិត ១គីឡូក្រាម និងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ។
លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅក្រោមការសម្របសម្រួលនីតិវិធី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចផ្ទះទុកចោល ស្ថិតភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ អៀម ជូ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រក្សាទុក ជួញដូរ និងប្រើប្រាស់ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង  ស្រុកសំរោង ខេត្តតាកែវ។ 

ចំពោះការដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ធំ ទម្ងន់ ៩៥៥,៦០ក្រាម ថ្នាំសុទ្ធ, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង, ម៉ូតូ ០២គ្រឿង ម៉ាក់វីន័រ សល់តែតួគ្មានស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាក ពាក់ស្លាកលេខ ភ្នំពេញ 1GN-6453 និង សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្ត ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕