2023-11-27 12:11
321

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ថ្ងៃទី១ សង្កេតឃើញថា បានប្រព្រឹត្តដោយភាពរលូស សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ មានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយយ៉ាងច្រើនកុះករ ប្រមាណជាង  ១.២០០.០០០នាក់។

នាឱកាសដ៏សែនសប្បាយរីករាយសម្រាប់ប្រជានុរាស្ត្រខ្មែរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី និងទតការប្រណាំងទូក ព្រមទាំងព្រះរាជពិធីប្រទានភ្លើងជ័យ លើប្រទីបព្រះបរមរាជវាំង ដើម្បីចាប់ផ្តើមបើកភ្លើងចេញដំណើរតាមក្បូនប្រទីប ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។

តាមរបាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១ មានទូកចូលរួមប្រកួត ចំនួន ៣៣៨ទូក (ទូកអន្តរជាតិ ចំនួន ១៣៧ទូក) ចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) ប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមាន ចំនួន ៣០ប្រទីប។

របាយការណ៍ដដែល បានបង្ហាញទៀតបន្ដថា ចំពោះសភាពបទល្មើសព្រហ្មទណ្ឌពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ, ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅបានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាព សរុបចំនួន ១.៦៧៤នាក់ (ស្រី ២៤៣នាក់) និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យចំនួន ០១នាក់, កម្លាំងការពារគៅលដៅបានរកឃើញក្មេងវង្វេងសាច់ញាតិ ចំនួន ០៦នាក់ ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញ ចំនួន ០៤នាក់ និងកំពុងស្វែងរកសាច់ញាតិ ចំនួន ០២នាក់បន្តទៀត។

របាយការណ៍របស់អនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានបញ្ជាក់ថា ចំពោះកម្លាំងត្រៀមអន្តរគមន៍ បានចេញជួយសង្រ្គោះករណីទូកប្រណាំងលិចទឹក ចំនួន ០៩ទូក ដោយបានជួយសង្រ្គោះកីឡាករ សរុប ១៩៨នាក់ ប្រកបដោយសុវត្ថិភាព ព្រមទាំងបានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យ។

សូមបញ្ជាក់ថា នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕