2023-11-27 05:11
232

ខេត្តត្បូងឃ្មុំ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់) បានធ្វេីសកម្មភាពលួចបើកស្ងាត់ៗនាឱកាសព្រះរាជពិធីបុណ្យអុំទូក ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ចុះស្រាវជ្រាវឆ្មក់បង្ក្រាប ប៉ុន្តែក្រុមអ្នកលេងល្បែងស៉ីសងទាំងនោះដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវវត្ថុតាងជាក់ស្ដែង។ 

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣នឹង៥០នាទីថា មានមនុស្សមួយក្រុមលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជារភ្លាមៗ ទៅលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងជំនួយផែនការងារព្រហ្មទណ្ឌ ឲ្យដឹកនាំកងកម្លាំងក្រោមឱវាទ ចុះទៅបង្ក្រាបដល់ទីតាំងផ្ទាល់។

    ដោយគ្រាន់តែក្រឡេកឃើញ កងកម្លាំងនគរបាល ចុះជិតដល់ក្រុមអ្នកលេងល្បែងទាំងនោះ បានរត់ចែកជើងគ្នា គេចខ្លួនអស់ បន្សល់វត្ថុតាងមួយចំនួនរួមមានៈ ១.ម៉ូតូចាស់ៗចំនួន ១៧គ្រឿង ២.កន្រ្តកដាក់មាន់ចំនួន ០៦ ៣.តុអាប៉ោងចំនួន ០១ ៤.ជញ្ជីងថ្លឹងមាន់ចំនួន ០៦សម្រាប់ ៥.ចានអាប៉ោងចំនួន០១ ៦.កៅអីជ័រចំនួន ០៣ ៧.អង្រុកក្រុងមាន់ចំនួន ០៣ ។ វត្ថុតាងខាងលើ ត្រូវបានបញ្ចូនទៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៕