2023-11-28 02:11
154

កំពត៖         ភាពមិនប្រក្រតីពាក់ព័ន្ធរឿងដីគម្របព្រៃឈើ និងព្រៃលិចទឹករបស់រដ្ឋជាង ៧៦ហិកតារ ក្នុងស្រុកដំណាក់ចង្អើរ បានធ្លាក់លើដៃស្ត្រីអ្នកមានលុយម្នាក់ឈ្មោះ ចៅ ដូម៉ានេត្រ ត្រូវបានលាតត្រដាងជាបណ្តើរៗ ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការរៀបចំឯកសារក្លែងក្លាយ ស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលចេញពីតំបន់ដែនការពារ និងអភិរក្សធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មសិទ្ធិទៅឱ្យបុគ្គលតែម្តង។

 ក្រោយពីរឿងរ៉ាវដ៏ក្តៅគគុកពាក់ព័ន្ធរឿងដីធ្លីខាងលើនេះ ត្រូវបានបែកធ្លាយ និងមានការចុះផ្សាយជាបន្តបន្ទាប់លើបណ្តាញសារព័ត៌មានទាំងរដ្ឋបាលស្រុកដំណាក់ចង្អើរ មន្ទីរជំនាញសុរិយោដីខេត្តកែប បានចេញសេចក្តីបំភ្លឺជាបន្តបន្ទាប់ និងមានអះអាងពីម្ចាស់អចលនវត្ថុដីទំហំជាង ៧៦ហិកតារ និងឯកសារមួយចំនួនត្រូវបានលាតត្រដាង ហើយជម្លោះហែកហួរគ្នាដោយសារផ្តើមឡើងដោយសារទំនាស់រឿងផលប្រយោជន៍។

 ពាក់ព័ន្ធរឿងរ៉ាវនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសេចក្ដីបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានថា «ការពិតឬទេ? លោក អ៊ុក ត្រូវម្ចាស់ដីស្របច្បាប់ ស.ជ.ណ របស់រាជរដ្ឋាភិបាល ចោទប្រកាន់ថា អាជ្ញាធរខេត្ត ក្លែងបន្លំឯកសារប្រគល់ដជាង ៧៦ហិកតា ឱ្យអ្នកដទៃខណះលោកសុំអន្តរាគមន៍ទៅថ្នាក់លើរួចហើយ»។ 

 មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការបដិសេធន៍ទាំងស្រុង ចំពោះការផ្សាយព័ត៌មានខាងលើនេះ ដោយការអនុវត្តនីតិវិធីនូវការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទំហំ ៧៦៥,០០០ ម៉ែត្រក្រឡា (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ជូនឈ្មោះ អ៊ុក ត្រេវ ត្រឹមត្រូវស្របតាមអនុក្រឹត្យលេខ ២៥៥ អនក្រ. បក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពី ការកាត់ឆ្កៀលដីទំហំ ៧៦៥, ០០០ម៉ែត្រក្រឡា (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ស្ថិតនៅ ភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងដែនព្រៃលិចទឹក ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនឈ្មោះ អ៊ុក ត្រេវ និងស្របតាម ស.ជ.ណ លេខៈ ១០៩៤ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការតណៈរដ្ឋមន្ត្រី។

 មន្ទីរសុរិយោដីខេត្តកែប បានបញ្ជាក់ក្នុងសេចក្តីបំភ្លឺទៀតថា «ទាក់ទិននឹងការផ្ទេរសិទ្ធិវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដីទំហំ ៧៦៥,០០០ម៉ែត្រក្រឡា  (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  មកឈ្មោះ ចៅ ដូម៉ានេត្រ គឺឈ្មោះ អ៊ុក ត្រេវ បានមកផ្ដិតមេដៃលើឯកសារទិញ-លក់ នៅចំពោះមុខមន្ត្រីជំនាញពិតប្រាកដ ព្រមទាំងមានឯកសារយោងគ្រប់គ្រាន់ស្របតាមនីតិវិធីសេវាសុរិយោដី ទើបមន្ទីរអាចចុះបញ្ជីបន្តបាន»

 យោតាមកិច្ចសន្យាមួយច្បាប់ ចុះថ្លៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រវាងឈ្មោះ អ៊ុក ត្រេវ ដែលជាតំណាងប្រជាពលរដ្ឋ ចំនួន ៣២គ្រួសារ ជាមួយស្ត្រីឈ្មោះ ចៅ ដូម៉ានេត្រ បានឱ្យដឹងថា៖ ឈ្មោះ អ៊ុក ត្រូវ ភេទប្រុស កើតឆ្នាំ១៩៧១ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខៈ 120038716 មានទីលំនៅបច្ចុប្បន្ន ភូមិទួលសាងា ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយខ្ញុំបាទបាន ទទួលប្រាក់ពីឈ្មោះ ចៅ ដូម៉ានេត្រ ភេទស្រី កើតឆ្នាំ១៩៧០ សញ្ញាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ 010044544 (01) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ M1 ផ្លូវA ភូមិបុរីឧទ្យានបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទិញដីមួយកន្លែងទំហំប្រហែល ៨០ហិចតារ មានទីតាំងស្ថិតនៅ ភូមិទួលសាដាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលដីទាំងអស់នេះត្រូវកសាងប័ណ្ណកម្មសិទ្ធិ ចំណែកឯកសារកំពុងដំណើរការនីតិវិធីតាមច្បាប់រដ្ឋមិនអាចផ្ទេរឲ្យម្ចាស់ប្រាក់បានតាមច្បាប់លុះត្រាតែកសាងប័ណ្ណកម្មសិទ្ធិរួច។

 ក្នុងកិច្ចសន្យានោះបានបញ្ជាក់ថា «ដីទាំងអស់នេះពិតជាដីដែលបានមកពីប្រាក់របស់ឈ្មោះ ចៅ ដូរម៉េនេត្រ ទាំងអស់ឲ្យទៅខ្ញុំ (អ៊ុក ត្រេវ) ដើម្បីទិញឲ្យគាត់ពិតប្រាកដមែន ដោយខ្ញុំ (អ៊ុក ត្រេវ) ជាអ្នកចាត់ចែងធ្វើចរន្តការកសាងប័ណ្ណរហូតដល់ចប់សព្វគ្រប់ហើយរាល់ការធ្វើនីតិវិធី កសាងប័ណ្ណកម្មសិទ្ធិ គាត់បានដាក់ឈោ្មះខ្ញុំ (អ៊ុក ត្រេវ)»។ 

 តាមកិច្ចសន្យា បុគ្គលឈ្មោះ អ៊ុក ត្រេវ សន្យានៅពេលដែលកសាងប័ណ្ណកម្មសិទ្ធិរួចខ្លួននឹងធ្វើការផ្ទេរប័ណ្ណកម្មសិទ្ធិដីទាំងអស់នេះជូនទៅ ឈ្មោះ ចៅ ជូម៉ានេត្រ ដោយគ្មានការតវ៉ា និងមិនទាមទាអ្វីឡើយ, សន្យាថាមិនលួចលក់ ឬផ្ទេរសិទ្ធិធ្វើអំណោយទាន ឬបញ្ចាំដីនេះទាំងមូល ឬផ្នែកណាមួយទៅអ្នកដទៃ និងយល់ព្រមផ្តិតមេដៃផ្ទេរប័ណ្ណកម្មសិទ្ធិដី ឬប្រគល់បន្តរទៅភាគីណាផ្សេង តាមការចង្អុលបង្ហាញរបស់ឈ្មោះ ចៅ ដូម៉ានេត្រ និងពុំមានសិទ្ធចាត់ចែង ឬសម្រេចអ្វីទាំងអស់លើទីតាំងដីនេះលុះត្រាមានការឯកភាពពីឈ្មោះ ចៅ ដូម៉ានេត្រ ដោយមានលិខិតស្នាមបញ្ជាក់ ក្នុងការអនុញ្ញាតិជាមុនទើបផ្ទេរបាន។

 លិខិតធានាអះអាងស្ត្រីឈ្មោះ ចៅ ដូម៉ានេត្រ ភេទស្រី កើតឆ្នាំ១៩៧០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០០៤៤៦៤៤ (១) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ M1 ផ្លូវA ភូមិបុរីឧទ្យានបាសាក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ខ្លួនពិតជាម្ចាស់កម្មសិទ្ធិករស្របច្បាប់ នៃដីដែលមានទំហំ ៧៦៥,០០០ម៉ែតក្រឡា (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រឹមត្រូវ និងប្រាកដមែន»។ 

 លិខិតដដែលបានបញ្ជាក់ថា «ចំពោះបុគ្គលឈ្មោះ អ៊ុក ត្រេវ គ្រាន់តែជាតំណាងដើម្បីទិញដីខាងលើនេះពីប្រជាពលរដ្ឋ ចំនួន ៣២គ្រួសារ និងឈរឈ្មោះនៅលើឯកសារស្នើសុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើ និងដែនព្រៃលិចទឹក ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធនានា ស្របទៅតាមកាតព្វកិច្ច ដូចមានចែងក្នុងកិច្ចសន្យា ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងដោយឈ្មោះ អ៊ុក ត្រេវ និងនាងខ្ញុំ ចៅ ដូម៉ានេត្រ ហើយបុគ្គលឈ្មោះ អ៊ុក ត្រេវ ពុំមានចំណែក ឬសិទ្ធិណាមួយទៅលើដីដែលនាងខ្ញុំបានអះអាងថាជាម្ចាស់កម្មសិទ្ធិករខាងលើនោះឡើយ»

 ស្ត្រីឈ្មោះ ចៅ ដូម៉ានេត្រ បានធសន្យានឹងផ្តល់កិច្ចសហការក្នុងការចូលរួមដោះស្រាយនូវរាល់ទំនាស់ដែលកើតមានឡើងលើដី ទំហំ ៧៦៥,០០០ម៉ែត្រក្រឡា (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដោយគ្មានការគេចវេសឡើយ។

 ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់រំលោភយកដីគម្របព្រៃឈើ និងដីតំបន់ព្រៃលិចទឹក ជាង ៧៦ហិកតារ ក្នុងស្រុកដំណាក់ចង្អើរ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលស្រុកដំណាក់ចង្អើរ សេចក្ដីបំភ្លឺរាល់ការចោទប្រកាន់ថា៖ មានជនខិលខូចមានអំណាចមួយក្រុមបានកំពុងកាប់ទន្ទ្រានដីព្រៃលិចទឹក និងចាក់ដីលុបធ្វើជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិទូលសាងាំ ឃុំអង្គាល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺពុំមែនជាការពិតនោះទេ ព្រោះទីតាំងដីខាងលើនេះគឺជាដីរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ស្របតាមអនុក្រឹត្យលេខ ២៥៥ អនក្រ.បក កាត់ឆ្កៀលដី ទំហំ ៧៦៥,០០០ ម៉ែត្រការ៉េ  ( ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ និងស្របតាម ស.ជ.ណ លេខៈ ១០៩៤ អនុញ្ញាតកាត់ឆ្កៀលដីទំហំ ៧៦៥,០០០ម៉ែត្រការ៉េ (ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )  ពីគម្របព្រៃឈើឆ្នាំ២០០២ និង ដែនព្រៃលិចទឹក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលជាយូរឆ្នាំមកហើយ។ ចំពោះសកម្មភាពដែលប្រជាពលរដ្ឋកំពុងធ្វើនោះ គឺគាត់អភិវឌ្ឍន៍ដីធ្វើកសិកម្មដាំដំណាំដូង ស្ថិតក្នុងប្លង់កម្មសិទ្ធិរបស់គាត់តែប៉ុណ្ណោះ។

 នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV ធ្វើការទំនាក់ទនងទៅលោក អ៊ុក ត្រេវ ដែលជាអ្នករៀបចំឯកសារពាក់ព័ន្ធក្នុងការទិញ-លក់ដីគម្របព្រៃឈើ និងដីព្រៃលិចទឹករបស់រដ្ឋ នៅភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដើម្បីសុំការបកស្រាយបន្ថែម ប៉ុន្តែលោកប្រាប់យ៉ាងខ្លីថា «មិនអាចបកស្រាយបានទេ ព្រោះគាត់កំពុងជារវល់បុណ្យសពម្តាយមីង»

 សូមជម្រាបថា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាប់ទៅលោកប្រធានមន្ទីរសុរិយដីខេត្តកំពត ដើម្បីពិនិត្យ និងរាយការណ៍លើលិខិតចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ របស់ឈ្មោះ សឿន ប៊ុនធឿន និងឈ្មោះ អ៊ុក ត្រេវ ដើម្បីស្នើសុំចុះស្រាវជ្រាវផ្ទាល់លើឯកសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការប្រគល់ និងចេញបណ្ណកម្មសិទ្ធិលើដីទំហំ ៧៦៥,០០០ម៉ែត្រក្រឡា ( ប្រាំពីររយហុកសិបប្រាំពាន់ម៉ែត្រក្រឡា )   ដែលមានវិញ្ញាបណ្ណបត្រសម្គាលអចនវត្ថុលេខ ២៣០១០១០២-០០០២ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្ថិតទីតាំងភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកំពត។

 សូមបញ្ជាក់ថា កាលពេលកន្លងទៅថ្មីៗនេះ មានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទន្ទ្រាន គាស់កាយ ចាក់លប់ និងកាយព្រំដើម្បីហំព័ន្ធដីព្រៃលិចទឹក និងដីព្រៃកោងកាងជាង ៧៦ហិកតារ ដោយម្ចាស់ដីបានដីបានចំណាយលុយការរាប់ពាន់ដុល្លារ ដើម្បីបិតបាំងមិនឱ្យមានការចុះផ្សាយព័ត៌មាននេះ ប៉ុន្តែនៅតែបែកធ្លាយដដែល។ ក្រោយការចុះផ្សាយរឿងរ៉ាវមិនប្រក្រតីក្នុងការលក់-ទិញ និងរៀបចំឯកសារក្លែងក្លាយយកពលរដ្ឋជាខែលដើម្បីភូតកុហក់ថ្នាក់លើក្នុងកាត់ឆ្វៀលដីរបស់រដ្ឋតាមរយៈធ្វើ ស.ជ.ណ. បន្ទាប់ចុះវាស់វែងមកជាចេញបណ្ណកម្មសិទ្ធឱ្យបុគ្គលជាអ្នកមានលុយតែម្តង។

 ជុំវិញបញ្ហាខាងលើនេះ មហាជនសំណូមពរ ឯកឧត្តម  សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងពាក់ព័ន្ធនានា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគួរចាត់មន្ត្រីជំនាញឱ្យចុះស៊ើបអង្កេត និងស្រាវជ្រាវករណីរៀបចំឯកសារក្លែងបន្លំ ដើម្បីកាត់យកដីរបស់រដ្ឋលក់ឱ្យឯកជនខាងលើនេះ៕