2023-12-01 12:12
284

រតនគិរី៖ អ្នកជំងឺម្នាក់បានប្រតិកម្មសេរ៉ូមប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅក្នុងឱសថស្ថាន យីហោ «ពន្លឺសុខភាព» ខណៈម្ចាស់ឱសថស្ថានដាក់ស៊ីរ៉ីម ចំនួន ០៥កំប្លោក និងឲ្យថ្នាំអ្វីម្យ៉ាងដាក់ក្នុងទឹកកូឲ្យផឹកស្រាប់តែកើតអាការៈប្រកាច់ក្រញ៉ាងដៃជើងស្លាប់ភ្លាមៗ ធ្វើឲ្យក្រុមគ្រួសារស្រែកទ្រហោយំពេញពេទ្យបង្កការភ្ញាក់ផ្អើលតែម្តង។ 

ករណីម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ព្យាបាលអ្នកជំងឺដោយដាក់សេរ៉ូម និងឲ្យផឹកថ្នាំប្រតិកម្មស្លាប់ខាងលើ បានកើតឡើង នៅវេលាម៉ោង ៦និង០០រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ 

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ស្ត្រីឈ្មោះ ឈួន ស្រីរ័ត្ន ត្រូវជាប្រពន្ធជនរងគ្រោះស្លាប់ក្រោមស្នាដៃគ្រូពេទ្យខ្វះវិជ្ជាជីវៈ បានទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីប្តឹងម្ខាស់ឱសថស្ថាន «ពន្លឺសុខភាព» ពីបទ៖ ធ្វើឲ្យមនុស្សស្លាប់ដោយចេតនា។ 

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រាក់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង នៅវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅស្ត្រីជាប្រពន្ធបានយកប្ដីទៅព្យាបាល នៅឱសថស្ថាន «ពន្លឺសុខភាព» ដោយសារមិនសូវស្រូវស្រួលខ្លួន និងមានអាការៈមិនធ្ងន់ធ្ងរនៅឡើយ។ 

ប្រភពបន្តទៀតថា ពេលដល់ភ្លាមមានលោកគ្រូពេទ្យឈ្មោះ លុយ ទី ដែលជាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» បានមកពិនិត្យដោយប្រើប្រាស់សម្ភារៈបច្ចេកទេសម៉ាស៊ីនអេកូលើពោះរបស់ជនរងគ្រោះប្រហែល ២នាទី ពេទ្យទី ក៏បាននិយាយថា «មិនមានកើតអ្វីធ្ងន់ធ្ងរទេ»។ 

ស្ត្រីឈ្មោះ ឈួន ស្រីរ័ត្ន ត្រូវជាប្រពន្ធរបស់សពបានរៀបរាប់ប្រាប់ប៉ូលិសថា ក្រោយម្ចាស់ឱសថស្ថានពិនិត្យរួចរាល់ មានបុគ្គលិកឱសថស្ថាន «ពន្លឺសុខភាព» បានធ្វើការព្យួរសេរ៉ូម ចំនួន ០២ប្លោក (ធំ១ តូច១) ពេលអស់ដាក់សេរ៉ូមបន្តថែម ចំនួន ០២ប្លោកទៀត។ 

លុះរហូតដល់ម៉ោង ៥និង៣០នាទីល្ងាច សេរ៉ូមបានអស់ ហើយបុគ្គលិកពេទ្យចាប់ផ្ដើមដាក់សេរ៉ូមកំប្លោកទី៥ ក៏ចាប់ផ្តើមមានអាការៈមិនស្រួលទៅៗ និងធ្វើទុកខ្លាំង ទើបគ្រូពេទ្យឲ្យថ្នាំពេទ្យម្សៅម្យ៉ាងឲ្យដាក់ចូលទៅក្នុងទឹកដើម្បីឲ្យផឹក ប៉ុន្តែមិនធូស្បើយទេអ្នកជំងឺកាន់តែយ៉ាប់ខ្លាំងលោកគ្រូពេទ្យបានផ្ដាច់សេរ៉ូមចេញ។ 

ស្ត្រីជាប្រពន្ធជនរងគ្រោះបានបន្ថែមទៀតថា ក្រោយដកសេរ៉ូមប្តីគាត់បានប្រកាច់ប្រកិន ក្រញ៉ង់ដៃ ក្រញ៉ង់ជើងបាត់ស្មារតី ទើបលោកគ្រូពេទ្យ ឈ្មោះ លុយ ទី ជាម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» បានមកធ្វើចលនាបេះដូង ប៉ុន្តែទោះបីខំធ្វើចលនាបេះដូងយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ព្រោះប្តីរបស់គាត់លែងដកដង្ហើម បេះដូងឈប់លោត។ ភ្លាមៗនោះ
ម្ចាស់ឱសថស្ថាន បានលើសពប្ដីរបស់លោកស្រីដាក់រថយន្តផ្ទាល់ខ្លួនរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែម្តង។ 

តាមការបញ្ជាក់របស់នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ជនរងគ្រោះបានជិះម៉ូតូ ០១គ្រឿង ម៉ាក C100 កូរ៉េ ដឹកជ័រកៅស៊ូចេញពីចម្ការ ចំណុច ភ្នំបេង គោលដៅមកផ្ទះនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ដោយស្ថានភាពផ្លូវចំំណោត និងលំបាក រួមផ្សំទាំងការឆ្វេសប្រហែស បណ្តាលឲ្យម៉ូតូចុះមកយ៉ាងលឿនជ្រុលចង្កូតធ្លាក់ប្រឡាយរួចបោកខ្ទប់បណ្តាលឲ្យរបួសធ្ងន់ ទើបក្រុមគ្រួសារបានដឹកបញ្ជនទៅសម្រាកព្យាបាលនៅឱសថ «ស្ថានពន្លឺសុខភាព» ក្រុងបានលុង រហូតកើតមានបញ្ហាស្លាប់បែបនេះ។ 

នៅរសៀល ថ្ងៃទី៣០ ខឋេវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តរតនគិរី ចុះមកធ្វើកោសល្យវិច័យសពពុំមានអ្វីគួរឲ្យសង្ស័យនោះទេ និងបានប្រគល់សពឲ្យសញ្ញាតិធ្វើបុណ្យតាមប្រពៃណី។ 

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមការងារ MSJ TV មិនសុំការបំភ្លឺពីភាគីម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» ដែលមានឈ្មោះ លុយ ទី បានឡើយ ហើយសមត្ថកិច្ចក៏កំពុងដុតដៃដុតជើងស្រាវជ្រាវជុំវិញករណីផថដែរ៕