2023-12-01 12:12
169

ខេត្តស្វាយរៀង៖ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង០៦ និង៥០នាទីថ្ងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ជនជាតិវៀតណាមករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមាន ឈ្មោះ ង្វៀង ឌិនចុង (NGUYEN DINH TRONG) ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរអនឡាញ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នរាជធានីភ្នំពេញ។

ប្រភពបន្តថា នៅវេលាម៉ោង០៦ និង៥០នាទីថ្ងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងអ.ហ ខេត្តស្វាយរៀង ទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការដឹកនាំសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការ បង្ក្រាបករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូត វត្ថតាងរួមមាន៖អាវុធខ្លីម៉ាកK54ចំនួន ០១ ដើម (លេខK54 4812) បង់អាវុធចំនួន ០១ គ្រាប់អាវុធចំនួន ១១ គ្រាប់ទូរស័ព្ទចំនួន ០១ គ្រឿង លិខិតឆ្លងដែនចំនួន ០១ ក្បាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមច្បាប់៕