2023-12-01 01:12
195

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានសហការគ្នារៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣ (CamTech Summit 2023) ឆ្នាំទី៤ ក្រោមប្រធានបទ«ការបង្កើតទំនាក់ទំនង៖ ជំរុញកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឌីជីថល ក្នុងតំបន់មេគង្គ និងតំបន់ផ្សេងៗ» ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការគាំទ្រសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ 

ព្រឹត្តិការណ៍នេះ បានរៀបចំឡើង ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេណមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាស ដល់បញ្ញត្តិករ អ្នករៀបចំគោលនយោបាយ ជំនាញការ និងភាគីពាក់ព័ន្ធ សិក្សា និងចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុភាពស្តីពី ការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ការរៀបចំវេទិកា CamTech Summit ២០២៣ នេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង កិច្ចសហការ ការដោះដូរចំណេះដឹង និងបទពិសោធន៍រវាងភាគីពាក់ព័ន្ធ ព្រមទាំងអនុញ្ញាតឱ្យអ្នករៀបចំគោលនយោបាយ និងបញ្ញត្តិករអាចប្រមូលធាតុចូលដើម្បីចងក្រងគោលនយោបាយ និងបទប្បញ្ញតិ្ត ឱ្យស្របតាមការរីកចម្រើន យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល។

ថ្លែងក្នុងវេទិកានេះ លោកស្រីបណ្ឌិត ជា សិរី មានប្រសាសន៍ថា«ថ្ងៃនេះពិតជារីករាយដែលបានចូលរួមកិច្ចវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលជារៀបចំដោយធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជុំវិញប្រធានបទស្ដីពី «ការបង្កើតទំនាក់ទំនង៖ ជំរុញកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សេវាហិរញ្ញវត្ថុឌីជីថល ក្នុងតំបន់មេគង្គ និងតំបន់ផ្សេងៗ»
សូមជម្រាបថា CamTech Summit គឺជាកម្មវិធីដែលមានរយៈពេលពីរថ្ងៃ ដែលកម្មវិធីនីមួយៗផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ដើម្បីជំរុញឲ្យមានការច្នៃប្រឌិត កិច្ចសហប្រតិបត្តិការ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ៕