2023-12-03 04:12
248

ក្រចេះ៖ រថយន្តសណ្តោងរ៉ឺម៉ក ដឹកថ្មម៉ាបខុសលក្ខណបច្ចេកទេសរបស់ក្រុមហ៊ុនវៀតណាមមួយ បានធ្លាក់ដុំថ្មម៉ាប មានទម្ងន់ប្រមាណ ៣០តោន លើផ្លូវជាតិលេខ៧ ត្រូវក្មេងស្រី អាយុ ០៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ 
   ករណីរថយន្តក្រុមហ៊ុនវៀតណាម ដឹកថ្មម៉ាបធ្លាក់បង្កគ្រោះថ្នាក់ខាងលើនេះ បានកើតឡើង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើផ្លូវជាតិ លេខ៧ នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។ 
   យោងតាមរាយការណ៍ បានឲ្យដឹងថា រថយន្ដដឹកថ្មម៉ាប ០១គ្រឿង ប្រភេទសណ្តោងរ៉ឺម៉ក (V1) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-2307 បំពាក់ស៊ឺមីរ៉ឺម៉កស្លាកលេខ ភ្នំពេញ 4A-8960 បានជាន់ហ្វ្រាំងបណ្តាលឲ្យធ្លាក់ថ្មម៉ាបប៉ះក្មេងរងគ្រោះកំពុងឈរតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ 
   របាយការណ៍បានឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះមាបឈ្មោះ វឿន ស៊ូយ៉ុង អាយុ ០៥ឆ្នាំ របួសធ្ងន់ រស់នៅ ភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ចំពោះអ្មកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រម៉ោលពីកន្លែងកើតហេតុ។ 
   សូមបញ្ជាក់ថា រថយន្ដក្រុមហ៊ុនដឹកថ្មម៉ាត ការដឹកជញ្ជូនមិនបានចងរឹតឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ទើបបណ្តាលឲ្យធ្លាក់ចេញពីរថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ជារើយៗ បើទោះបី នាពេលកន្លងមក រដ្ឋបាលខេត្តក្រចេះ បានកោះហៅខាងក្រុមហ៊ុនមកប្រជុំណែនាំ គ្រប់រថយន្ដដឹកថ្មម៉ាតត្រូវចងរឹតឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស តែខាងក្រុមហ៊ុន នៅតែបន្តឲ្យមានការធ្លាក់ថ្មពីរថយន្ដដដែល៕