2023-12-04 04:12
187

ខេត្តក្រចេះ ៖   នាថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញទទួលជួបគណៈប្រតិភូទីក្រុងរីចាវ  ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកទស្សនកិច្ចនៅខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយលោកស្រី ចាង នៀរ៉ុង នាយករងផ្នែកគ្រប់គ្រងទំនាក់ទំនងការបរទេសនៃការិយាល័យ កិច្ចការបរទេសរបស់រដ្ឋាភិបាលប្រជាជនទីក្រុងរីចាវ ដើម្បីពិភាក្សាការងារ និងទស្សនកិច្ចតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្ត ក្នុងគោលបំណងចង់ចងសម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការដៃគូរវនិយោគ ក្នុងវិស័យមួយចំនួនរបស់ខេត្តក្រចេះ ស្របតាមចំណងមិត្តភាពស៊ីជម្រៅ និងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ។

ក្នុងឱកាសជំនួបស្វាគមន៍នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានលើកឡើងថា ៖ សាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជណាចក្រកម្ពុជាបានពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានដែលមានទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ។ បច្ចុប្បន្នមានក្រុមហ៊ុន សហគ្រាសជាច្រើនមកពី បណ្តាខេត្តនានានៃសាធារណៈរដ្ឋប្រជាមានិតចិនបានមកធ្វើការវិនិយោគ និងកំពុងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត ។

ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពជូនប្រជាជនកម្ពុជាអស់រយៈពេល៤៤ឆ្នាំកន្លងមកនេះ និងបន្តដឹកនាំទៅរកមាគ៌ាសន្តិភាពជាបន្តក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃរដ្ឋសភា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសកំពុងបន្តប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ឯកឧត្តមបានគូសបញ្ជាក់ថា ៖ សេដ្ឋកិច្ចខេត្តក្រចេះ បច្ចុប្បន្ននេះមានទំហំស្មើនឹង ២% នៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗប្រមាណ១.៥០០ដុល្លារអាមេរិក ។ ដែលទទួលបានពីវិស័យសំខាន់ៗមួយចំនួនរួមាន ៖ -វិស័យកសិកម្ម -វិស័យរ៉ែ និងថាមពល-វិស័យពាណិជ្ជកម្ម-វិស័យទេសចរណ៍-វិស័យវប្បធម៌-វិស័យហេដ្ឋារចនាសម្ព័ន្ធ-វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និង-វិស័យសុខាភិបាលជាដើម ។

ក្រោមពីអង្គជំនួបបានស្តាប់ និងពិភាក្សារួចមក ជាលទ្ធផលប្រតិភូមប្រទេសទាំងពីរ សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានពង្រឹងពង្រីក កាន់តែស៊ីជម្រៅដល់កម្រិតកំពូល(ចំណងមិត្តភាពដែកថែប) ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងចងមេត្រីភាព លើវិស័យសេដ្ឋកិច្ចសង្គម រវាងខេត្ត-ក្រុងទាំងពីរនាពេលខាងមុខ ៕
                     ណូរិទ្ធ (ក្រចេះ)