2023-12-06 02:12
150

ព្រៃវែង៖​      ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យការងារបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អសើរស្របតាមយុទ្ធសាស្រ្តចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ការលើកឡើងនេះគឺនៅក្នុងឱកាសដែលឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ 

  ក្នុងកិច្ចប្រជុំនោះក៏ការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត សរុបប្រមាណចំនួន១០០រូប។ 

  នៅក្នុងកិច្ចប្រជុំនោះដែរមន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក កងកម្លាំងទាំងបី បានលើកឡើងអំពីផែនការសកម្មភាពរបស់ខ្លួនដែលអនុវត្តកន្លងមក ដើម្បីបង្ហាញអំពី លទ្ធផលដែលខ្លួនបានអនុវត្តមកនោះជូនគណៈអធិបតីដើម្បីធ្វើការពិនិត្យ និងដាក់ផែនការសកម្មភាពបន្ថែមទៀតដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំងបី អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តបន្តរទៀត។ 

  ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ ជំរុញ និងណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំអនុវត្តការងាររបស់ខ្លួន រៀងៗខ្លួនធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ ដែលជាផលប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។ 

  ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាពខ្ពស់។

  ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ លោក អភិបាលរងខេត្តដើម្បីដឹកនាំរៀបចំគណៈកម្មការដើម្បី បង្កើតនូវផ្សាររាត្រី ក៏ដូចជាផ្សារចុងសប្តាហ៍ដើម្បីលក់នៅផលិតផលផ្សេងៗទៅតាមស្ដូកដែលយើងមានស្រាប់ តែនេះក៏ជាការបង្កើននូវ ប្រាក់ចំណូលបន្ថែមដល់បងប្អូនអាជីវករមួយកម្រិតទៀតសម្រាប់ដាក់លក់នៅផលិតផលរបស់គាត់នៅពេលរាត្រីដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ឬអ្នកមកពីបណ្ដាលខេត្តផ្សេងៗសម្រាកស្នាក់នៅក្នុងខេត្តយើងនេះអាចដើរទិញនៅផលិតផលទាំងអស់នោះនៅពេលរាត្រីបានផងដែរ៕