2023-12-06 02:12
197

កោះកុង៖   ថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣   លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ គីម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្វែងរកការគាំទ្រមតិ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក្នុងវិស័យសាធារណៈ និងនយោបាយ នៅខេត្តកោះកុង លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជា មានក្តីសប្បាយរីករាយឥតឧបមា ដែលបានទទួលស្វាគមន៍ លោកជំទាវ គីម ស៊ីផាត់ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងកិច្ចការនារី និងប្រតិភូ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការស្វែងរកការគាំទ្រមតិ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក្នុងវិស័យសាធារណៈ និងនយោបាយ នៅខេត្តកោះកុង នាឱកាសនេះ។

 នាងខ្ញុំសូមអនុញ្ញាតឆ្លៀតយកឱកាសនេះ ដើម្បីគោរពជម្រាបជូន លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី បានជ្រាបដោយ សង្ខេបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្កានុពល និងសមិទ្ធផលមួយចំនួន ក្នុងខេត្ត កោះកុង មានដូចតទៅ៖ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជាមានចម្ងាយ ២៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិច និងខាងត្បូងជាប់នឹងប្រទេសថៃ ខាងជើងទល់នឹងខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ (ដប់ពាន់ សូន្យរយសែសិបប្រាំ ក្បៀសហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចែកចេញជា ១ក្រុងមាន៣សង្កាត់ ៦ស្រុកមាន២៦ឃុំ និងមានភូមិសរុបចំនួន ១១៩ភូមិ។ មានប្រជាជនសរុប ១៤៧.៣៨៨នាក់ (មួយរយសែសិបប្រាំពីរពាន់បីរយប៉ែតសិប ប្រាំបីនាក់) ក្នុងនោះមាន ស្ត្រីចំនួន ៧៤.២៤០នាក់(ចិតសិបបួនពាន់ ពីររយសែសិប នាក់) មានដង់ស៊ីតេប្រជាជន១៤នាក់ក្នុងយគីឡូម៉ែត្រការ៉េ ហើយមុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋ គឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ និងរកអនុផលព្រៃឈើ នេសាទ កម្មកររោងចក្រ និងសំណង់។

 ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិទាំងមូលទទួលបាន សុខសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរ ទទួលបាននូវសេចក្តីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយមានស្ថានភាពភូមិសាស្ត្រ អំណោយផលពីធម្មជាតិ នាំឱ្យខេត្តកោះកុងមានសក្ដានុពល ដ៏សម្បូរបែប អាចបម្រើដល់វិស័យជាច្រើន ជាពិសេសវិស័យទេសចរណ៍ រួមមាន តំបន់ ធម្មជាតិដ៏ស្រស់ត្រកាល គ្របដណ្តប់ដោយព្រៃភ្នំ ជ្រលងដងអូរ តំបន់អេកូទេសចរណ៍ ធម្មជាតិ ព្រៃកោងកាង តំបន់ព្រំដែនមានសណ្ឋាគារលំដាប់ផ្កាយប្រាំ ជាប់មាត់សមុទ្រ តំបន់ សេដ្ឋកិច្ចពិសេសកោះកុង តំបន់កោះទាំង២៣ មានប្រជុំកោះ ដែលមានផ្កាថ្មដ៏ស្រស់ស្អាត និងតំបន់ឆ្នេរសមុទ្រមានប្រវែង ២១៧គីឡូម៉ែត្រ តំបន់វិស្សមកាលតារាសាគរ កោះស្តេច ដែលមានទីលានវាយកូនហ្គោលខ្នាតអន្តរជាតិ តំបន់កសិ-ឧស្សាហកម្មចម្រុះ និងទំនប់វារីអគ្គិសនី។ ថ្មីៗនេះ ខេត្តកោះកុង នឹងទទួលបានវារីអគ្គិសនីបន្ថែមទៀត គឺវារីអគ្គិសនី តាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ជាមួយនឹងផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ចាប់ ពីខេត្ត កោះកុង ទៅខេត្តពោធិ៍សាត់ ដោយឡែកផ្លូវជាតិលេខ៤៨ ត្រូវបានលើកកម្រិតគុណភាព នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជ្រាបថា សម្រាប់ខេត្តកោះកុងរបស់យើងមាន សមាជិកក្រុមប្រឹក្សាខេត្ត ជាស្រ្តី ២រូប អភិបាលខេត្ត ជាស្រ្តី ១រូប អភិបាលរងខេត្ត ជាស្រ្តី ២រូប អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជាស្ត្រី ១រូប នាយករង រដ្ឋបាលសាលាខេត្ត ជាស្ត្រី ១រូប នាយករងទីចាត់ការ អង្គភាព ជាស្ត្រី ៣រូប អនុប្រធានមន្ទីរ ក្រោមការគ្រប់គ្រង របស់រដ្ឋបាលខេត្ត ជាស្រ្តី ១រូប ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ជាស្ត្រី ៩រូប។ ចំពោះប្រធានក្រុមប្រឹក្សាស្រុក ជាស្ត្រីមាន ២រូប សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ជាស្ត្រី មាន ១៦រូប អភិបាលស្រុកជាស្ត្រីមាន ១រូប និងអភិបាលរងក្រុង-ស្រុក ជាស្ត្រីមាន ៨រូប។ ដោយឡែក មន្ទីរ អង្គភាព មាន ប្រធានមន្ទីរជាស្ត្រី២រូប អនុប្រធានមន្ទីរទទួលបន្ទុករួម ជាស្ត្រី១រូប អនុប្រធានមន្ទីរ អង្គភាព ជាស្រ្តី១៣រូប មេឃុំ-ចៅសង្កាត់ជាស្ត្រី ២រូប និងមានចៅ សង្កាត់រង ជំទប់ សមាជិកជាស្ត្រីចំនួន២៩រូបផងដែរ។ ជាមួយគ្នានេះ ក្នុងចំណោម មន្ត្រីរាជការ សរុបចំនួន ២.៦៥៣នាក់ មានមន្ត្រីរាជការជាស្ត្រីចំនួន ៩៧៥នាក់។

 ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាស្ត្រីទាំងនេះ ពិតជាយន្តការដ៏សំខាន់ ក្នុងការជំរុញការ ចូលរួមនៅក្នុងតួនាទីធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យនយោបាយ និងសាធារណៈ នៅក្នុងខេត្តកោះកុងរបស់យើង ព្រមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីធ្វើការឆ្លុះបញ្ចាំងពីបញ្ហាប្រឈម នៃការលើកកម្ពស់ សមភាពយេនឌ័រ និងដំណោះស្រាយនានា។

 ក្នុងថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានកិត្តិយសបំផុត ដែល លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី បានអញ្ជើញជាវាគ្មិន ដោយផ្ទាល់ ដែលត្រូវធ្វើបទបង្ហាញ ជូនអង្គពិធីទាំងមូល ដែលជាបទបង្ហាញដ៏មានសារសំខាន់ពាក់ព័ន្ធទៅ នឹងការស្វែងរកការគាំទ្រមតិក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច ក្នុងវិស័យសាធារណៈ និងនយោបាយ។

 ជាថ្មីម្ដងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលា ដ៏មមាញឹកចូលរួមវគ្គបណ្តុះបណ្តាល ដ៏មានសារសំខាន់នាពេលនេះ និងសូមគោរពជូនពរ លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូ ក្នុងដំណើរបំពេញបេសកម្ម និងស្នាក់នៅក្នុងខេត្តកោះកុង ប្រកបដោយជោគជ័យ និងផាសុកភាព។

 ជាទីបញ្ចប់ នាងខ្ញុំសូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកសី គណៈអធិបតី និងសិក្ខាកាមទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ៕