2024-02-02 16:10
363

ព្រះវិហារ៖ សាលាបឋមសិក្សាពោធិ៍រាង ដែលស្ថិតក្នុងតំបន់ដាច់ស្រយាលមួយ នៃស្រុកគូលែន ខេត្តព្រះវិហារ កំពុងជួបការលំបាកដូចជាខ្វះខាតអគារសិក្សា បង្គន់អនាម័យ និងសម្ភារៈសិក្សាជាដើម បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនក្នុង និងក្រៅប្រទេស ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាជួយដោះស្រាយ និងសម្រួលការលំបាក ដើម្បីកូនចៅរបស់ប្រជាពលរដ្ឋទទួលបានសាលារៀនសមរមសម្រាប់សិក្សារៀនសូត្រ។

ប្រជាពលរដ្ឋបានឱ្យដឹងថា សាលាបឋមសិក្សាពោធិ៍រាង ស្ថិតនៅភូមិពោធិ៍រាង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ សាលារៀនមួយនេះ បានជួបការលំបាក និងខ្វះខាតសព្វគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយហាក់គ្មានការយកចិត្តទុកដាក់ ក្នុងដោះស្រាយឱ្យមានថ្នាក់រៀនសមរម្យនោះទេ។ អ្នកស្រុកបន្តទៀតថា សាលារៀនមួយមិនសូវមានការយកចិត្តទុកដាក់ដោះស្រាយការលំបាកពីសំណាក់មន្ត្រីជំនាញការិយាល័យ ក៏ដូចជាមន្ទីរអប់រំខេត្តឡើយ។

កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ លោក ស សុភានិងក្រុមការងារបានចុះចែកសម្ភារៈសិក្សាដល់កុមារដែលកំពុងមានការលំបាក ស្ថិតនៅភូមិពោធិ៍រាង ឃុំគូលែនជើង ស្រុកគូលែនខេត្ត ព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរស្រុកគូលែនផងដែរ ក្នុងនោះសម្ភារៈទាំងអស់បានមកពីសប្បុរសជន រួមមាន: កង់មួយគ្រៀង ស៊ីទែនទឹកស្អាត ០១ ថ្នាំលាបសាលារៀន ០៥ ធុង ដែកគោល អាឡូលាបថ្នាំ សៀវភៅសរសេរ សៀវភៅអាន ប៊ិច ខ្មៅដៃ ជ៧រលុប ដែកឃួង ខ្មៅដៃពណ៏គូរូប  កាតាប សម្រាប់ជូនលោកគ្រូ    សម្លៀកបំពាក់កីឡាសម្រាប់ក្មេងៗ   សម្ភារះកីឡា និង សម្ភារះផ្សេងៗ។

លោក សំ សី អភិបាលរង ស្រុកគូលែន បានថ្លែងប្រាប់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា សាលាបឋមសិក្សាពោធិ៍រាងពិតជាមានការខ្វះខាតពិតប្រាកដមែនហើយអាជ្ញាធរបានជួយដោះស្រាយជាបន្តបន្ទាប់ទៅតាមលទ្ធភាព ប៉ុន្មានថ្ងៃមុននេះ ក៏មានសប្បុរសជនបាននាំយកមកនូវសម្ភារៈសិក្សាដូចជា តាប សៀវភៅ ប៊ិច ខ្មៅដៃ បាល់ចែកជួនដល់សិក្សានុសិស្សផងដែរ។ លោកបន្តទៀតថា នៅពេលខាងមុខនេះ អង្គការស្បៀងអាហារពិភពលោកនឹងជួយជាអគារសិក្សា ក៏ដូចជាបង្គនអនាម័យជាដើម។

លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានបញ្ជាក់ប្រាប់ឱ្យដឹងថា សាលាបឋមសិកស្សាពោធិ៍រាង គឺសាលាស្ថិតក្នុងភូមិរណប មិនទាន់ពេញសិទ្ធនៅឡើយទេ នៅក្នុងដែនអភិរក្ស «គូលែនព្រហ្មទេព» កន្លងមកអាជ្ញាធរឃុំ ស្រុកបានចុះទៅសិក្សាដឹកនាំជួបសាលា និងបានជួយជាបណ្តើរៗ ព្រោះយើងគ្មានថវិកាណាសម្រាប់ជួយភ្លាមៗទេ ហើយសប្បុរសជនក៏បានជួយជាសម្ភារៈសិក្សាជាបណ្តើរៗផងដែរ។ លោកអភិបាលស្រុកបន្តទៀតថា ចំពោះការរៀបចំបង្គន់អនាម័យឃុំគ្រោងថវិកាដើម្បីយកទៅធ្វើ ក្នុងនោះនាយកសាលាគាត់ចង់បានឱ្យមានការជួយពីថ្នាក់ដឹកនាំ និងបានស្នើសុំមកអាជ្ញាធរដែរ៕ ប្រសិនបើបងប្អូនចង់ជួយដល់សាលាខ្វះខាត សូមទំទាក់ទំនងតាមលេខទូរសព្ទ: 067 278 507 ។