2024-02-10 02:02
77

(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

 ពិធីនេះបានការចូលរួមពីលោកបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធ សរុបចំនួនជាង ៦០០០នាក់។

 សម្រាប់ខេត្តកំពត គេឃើញមានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានមកជួបជុំ និងរៀបចំក្បូនដង្ហែព្យុហយាត្រា លក្ខណៈទ្រង់ទ្រាយធំ មិនចាញ់ការបោះឆ្នោតសកលនោះទេ។ ដែលបានប្រារព្ធធ្វើឡើង នៅរង្វង់មូលធុរេន ក្រុងកំពត។

 ក្រោយពីអង្គពិធីទាំងមូល បានស្ដាប់នូវសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក។

 លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងសូមវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងខេត្តកំពត ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

 លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុកនៃខេត្តកំពត គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។

 ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានប្រាប់ឲ្យដឹងថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខេត្តកំពត មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់សំណើរ មកគណ:កម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីសុំបើកយុទ្ធនាការឃោសនាបោះឆ្នោត។

 នៅក្នុងសំណើរបស់គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើទីតាំងរៀបចំនៅបរិវេណរង្វង់មូលទុរេន ដែលមានអ្នកចូលរួមដង្ហែក្បូនព្យុហយាត្រា ពីសមាជិកបក្សនៅក្រុងកំពត ក្រុងបូកគោ និងស្រុកទឹកឈូ ចំនួន៤៥០០នាក់ ដែលមានរថយន្តធំ១០០គ្រឿង និងម៉ូតូ ២០០០គ្រឿង ហើយការដង្ហែធ្វើឡើងនៅជុំវិញក្រុងកំពត និងត្រឡប់ទៅមូលដ្ឋានវិញ ដោយឡែកនៅតាមបណ្តាលស្រុកផ្សេងទៀត គណបក្សស្រុក ក៏ធ្វើយុទ្ធនាការរៀងខ្លួនផងដែរ។

 លោកបានបញ្ជាក់ថា ខេត្តកំពតមានបីគណបក្សផ្សេងទៀតដែលធ្វើសកម្មភាពឃោសនាបក្សរបស់ខ្លួនដែរ មានគណបក្សឆន្ទៈខ្មែរ, គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។

 តាមទិដ្ឋភាពទូទៅនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដំបូង មានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ ដោយមានករចូលរួមការពារសន្តិសុខសណ្ឋាប់ ពីកងកម្លាំង ការជួយសម្រួលចរាចរតាមផ្លូវសម្រាប់ក្បួនដង្ហែបក្ស រថយន្តពេទ្យសម្រាប់សង្គ្រោះបឋម ពិសេសមានការចូលរួមពីប្រជាពលរដ្ឋ និងមហាជនទូទៅដែលញ៉ាំងឲ្យកម្មវិធីក្បូនដង្ហែកាន់តែអធឹកអធម៕