2024-06-09 04:06
211

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  ហៅថា «ក.ប.ប.» នៅផ្សាររមាស ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង គឺក្រសួងបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរបំផុត ចំពោះមន្ត្រី ទាំង៥រូប ស្របតាមបញ្ញត្តិនៃច្បាប់ និងតាមទោសកំហុស។

   ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីភាពមិនប្រក្រតី នៃការអនុវត្តតួនាទីនិងភារកិច្ចរបស់ មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង។  
ក្រសួងបន្ថែមថា៖ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ០៥រូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្ត្រី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ចំនួន ០៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែនៅពេលអនុវត្តការងារមន្ត្រី ទាំង ០៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី នៃការពិន័យអន្តការណ៍ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។ 
   ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្ត្រី ទាំង ០៥រូប ស្របតាមបញ្ញត្តិ នៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។
ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងហ្នឹងម៉ាត់តាមអភិក្រម “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់” ដោយមិនឱ្យមន្ត្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ ឆ្លៀតឱកាស កេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួល សេវាក្នុងវិស័យពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ផងដែរថា «ការចុះបំពេញភារកិច្ចរបស់ មន្ត្រី ក.ប. ក.ប.ប. គឺជាការបំពេញកាតព្វកិច្ចតាមច្បាប់ ក្នុងគោលបំណងដើម្បីទប់ស្កាត់ នូវការចរាចរទំនិញក្លែងក្លាយ ប្រើប្រាស់សារធាតុគីមីហាមឃាត់ ខូច ឬគ្មានគុណភាព គ្មានប្រភពច្បាស់លាស់ រំលោភកម្មសិទ្ធិបញ្ញា សំដៅការពារ សុខភាព សុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់នូវរាល់សកម្មភាពឬអំពើទាំងឡាយ ដែលមិនសុចរិតក្នុងធុរកិច្ច ធានាឱ្យការប្រកួតប្រជែងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់»។
  ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ពាណិជ្ជករ អាជីវករទាំងអស់ សូមបន្តប្រកបអាជីវកម្មរបស់ខ្លួនជាធម្មតាដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងដំណើរការពង្រឹងនីតិរដ្ឋ។
ប្រសិនបើមានមន្ត្រី ឬបុគ្គលណា ចុះអនុវត្តភារកិច្ចរំលោភបំពាន ដើម្បីកឹបកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ឬមានចម្ងល់ពាក់ព័ន្ធនឹងការអនុវត្ត តួនាទី និងភារកិច្ចរបស់មន្ត្រីក្រសួងពាណិជ្ជកម្ម សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ក្រសួងពាណិជ្ជកម្ម ឬអគ្គនាយកដ្ឋាន ក.ប.ប. ដោយមិនគិតថ្លៃ តាមរយៈលេខទូរស័ព្ទ ១២៦៦ (MoC Call Center 1266) ឬ CCF Complaint App ដូចមានជូនភ្ជាប់៕