2024-06-13 09:06
226

ភ្នំពេញ ៖ បុរសម្នាក់នាំស្រីស្នេហ៍ចូលទៅដេកផ្ទះសំណាក់មួយកន្លែងស្រាប់តែមានអាការៈមិនស្រួលខ្លួនគាំងបេះដូងស្លាប់ ផ្អើលឆោឡោហៅក្រុមគ្រូពេទ្យទៅជួយ តែពេលពិនិត្យជាក់ស្តែង បុរសខាងលើបានស្លាប់បាត់ទៅហើយ ។
   ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះសំណាក់យីហោ ពិភពសួគ៌១ បន្ទប់លេខ២០៤ ជាន់ទី២ តាមបណ្តោយផ្លូវចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
   ជនរងគ្រោះមានឈ្មោះ រស់ បុណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៥០ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឯ ស.ល.អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅឯស្រុកគិរីវង់ ខេត្តតាកែវ ។
តាមប្រភពបានឱ្យដឹងថា គូស្នេហ៍វ័យចំណាស់ទាំង២នាក់ ធ្លាប់នាំគ្នាចូលដេកនៅផ្ទះសំណាក់ខាងលើ។ លុះនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អ្នកទាំង២បាននាំគ្នា ធ្វើដំណើរតាមរថយន្តLexus RX330 មួយគ្រឿងទៅចូលផ្ទះសំណាក់ តែបន្ទប់ខាងជាន់ក្រោមអស់ ភ្ញៀវចូលសម្រាកពេញ អ្នកគ្រប់គ្រងក៏បានប្រាប់ដែរ បើទទួលយកបាន មានតែបន្ទប់ជាន់ទី២ ជនរងគ្រោះនិងស្រីស្នេហ៍ក៏យល់ព្រម ហើយឡើងទៅដេកសម្រាកនៅបន្ទប់លេខ២០៤ ជាន់ទី២ រហូតដល់វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែល ស្រាប់តែខាងប្រុសគាំងបេះដូង ខាងស្រីចុះមក  តាមហៅម្ចាស់ផ្ទះឱ្យជួយ ហៅរថយន្តសង្គ្រោះទៅដល់ភ្លាមៗ ក្រុមគ្រូពេទ្យពិនិត្យជាក់ស្តែងឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ តាំងពីមុនគ្រូពេទ្យមកដល់ម្ល៉េះ ។
បើតាមភាគីខាងស្រីបានឱ្យដឹងថា គាត់ជាប្រពន្ធក្រៅច្បាប់ ហើយបុរសរងគ្រោះគាត់មានជម្ងឺបេះដូង កន្លងមកធ្លាប់ដេកនៅជាមួយគ្នា ស្រាប់តែលើកនេះជួបរឿងបែបនេះតែម្តង ។
បន្ទាប់ពីមានករណីខាងលើ សមត្ថកិច្ច អាជ្ញាធរបានចុះទៅពិនិត្យសាកសព ធ្វើកោសល្យវិច័យមុននឹងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕