2024-06-19 07:06
205

ព្រះសីហនុ៖ មុខសញ្ញាជនសង្ស័យជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ចំនួន ០៩នាក់ រួមទាំងវត្ថុតាង ថ្នាំញៀនជាង ៦០គីឡូក្រាម ដែលប្រើប្រាស់សុទ្ធតែរថយន្តស៊េរីទំនើបៗ ជាមធ្យោបាយក្នុងការដឹកជញ្ជូននោះ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ធ្វើការបង្ហាញមុខ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លុវច្បាប់។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានសហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិខ្មែរ ចិន និងវៀតណាម សរុបចំនួន ០៩នាក់ រឹបអូសថ្នាំញៀនជាង ៦០គីឡូក្រាម រថយន្តស៊េរីទំនើបៗ ចំនួន ០៥គ្រឿង និងអាវុធំខ្លីចំនួន ០២ដើមផងដែរ។
   ប្រតិបត្តិការបង្ក្រាបខាងលើ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
ការបង្ក្រាបករណីនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០០និង៤០នាទី កម្លាំងជំនាញ(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួលដោយ លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីកែច្នៃ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣គោលដៅផ្សេងៗគ្នា រួមមាន គោលដៅទី១៖ នៅតាមបណ្តោយផ្លូវលំ ក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, គោលដៅទី២៖ នៅក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគោលដៅទី៣៖ នៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ចំពោះលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនល្មើស ចំនួន ០៩នាក់ (ស្រី២នាក់) ក្នុងនោះ ជនជាតិវៀតណាម ចំនួន ០២នាក់, ចិន ចំនួន ០៦នាក់ និងខ្មែរ១នាក់ ដែលមានឈ្មោះ ទី១- ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG) អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ២៖ ឈ្មោះ ឡេ ធីអាញ់ហុង (LE THI ANH HONG) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម, ៣៖ ឈ្មោះ ចាង ឈូអ៊ី (ZHANG CHU YU) ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិចិន, ៤៖ ឈ្មោះ ស៊ាវ ឈីហុង (XIAO QI HONG) អាយុ ៣៣ឆ្នាំ ជនជាតិចិន, ៥៖ ឈ្មោះ ថាង ចាងវៃ (TANG ZHANG WEI) អាយុ ៣៨ឆ្នាំ ជនជាតិចិន, ៦៖ ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG) អាយុ៣៦ឆ្នាំ ជនជាតិចិន, ៧៖ ឈ្មោះ ថាង ចាន់ពីង (TANG ZHAN BING) អាយុ ៣៥ឆ្នាំ ជនជាតិចិន, ៨៖ ឈ្មោះ យ៉ាង ឆិនស្យុង (YANG CHEN XIONG) អាយុ ៥៣ឆ្នាំ ជនជាតិចិន និងទី៩៖ ឈ្មោះ ហេង រិទ្ធថា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ។
   ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ គ្រឿងញៀន ប្រភេទ អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៥ គ.ក្រ ៤២៣.០២ក្រាម, គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ៤៦ គ.ក្រ ០៩០ក្រាម, គ្រឿងញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ៩ គ.ក្រ ៣៣៩.៣០ក្រាម សារធាតុញៀន សរុបទម្ងន់ ៦០ គ.ក្រ ១៤៦.៦៥ក្រាម និងសារធាតុគីមីផ្សំទម្ងន់ សរុបចំនួន ៥២ គ.ក្រ ៨៤៧ក្រាម។ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា សម្ភារៈចាប់យក រថយន្ត ចំនួន ០៥គ្រឿង, អាវុធខ្លី ចំនួន ០២ដើម, លុយអាមេរិក ចំនួន ១៥,០០០ដុល្លារ, ទូរសព្ទដៃ ចំនួន ១១គ្រឿង និង iPad ០១គ្រឿង ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕