2024-10-06 18:43
136

រតនគិរី៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស នៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រសមាគម តាមរយៈការចូលរួមជាសមាជិក ដើម្បីឱ្យសមាគមមានលទ្ធភាពពង្រឹង និងពង្រីកខ្លួន ហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជឱ្យបានកូនច្រើន ជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស។

ការអំពាវនាវបែបនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសដែលលោកឆ្លៀតមកសាកសួរសុខទុក្ខ និងពិនិត្យលើការងារអភិរក្ស និងចិញ្ចឹមដំរីស្រុកនៅទីស្នាក់ការសមាគម ក្នុងខេត្តរតនគិរីនា ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ គ្រាដែលដឹកនាំបងប្អូនប្រជាពលរដ្ឋជាង ២០០នាក់ ចុះទស្សនកិច្ចសិក្សាតាមបន្ទាត់ព្រំដែន ក្នុងទិសឦសាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញក្តីសប្បាយរីករាយដែលបានឃើញការរីកលូតលាស់នៃសមាគម និងការថែរក្សា និងអភិរក្សដំរីស្រុកបានយ៉ាងល្អ។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសក្រុមគ្រួសារលោក Pierre-Yves Clais និងលោកស្រី ក្លេ ចិន្តា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាក្នុងការចូលរួមថែរក្សាអភិរក្សដំរីស្រុកនេះ។

ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា៖ «ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ»។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗ និងកម្រទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជា គឺមានចំនួនកាន់តែច្រើនឡើង»។ 

សូមបញ្ជាក់ថា កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល ដែលកំពុងថែរក្សា និងអភិរក្ស និងមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិកម្ពុជា នៅក្នុងភូមិភាគឦសាន និងតំបន់ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ជាដើម។ ជាមួយគ្នានេះ ការបង្កាត់ពូជដំរីក្នុងស្រុក របស់សមាគមនេះ បានផ្តល់លទ្ធផលដ៏ត្រចះត្រចង់ដោយទទួលកូនដំរីមួយក្បាលឈ្មោះ ណូអែល ដែលជាក្តីសង្ឃឹមថ្មីសម្រាប់ការងារអភិរក្សដំរីស្រុក។

ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បាននឹងកំពុងថែរក្សា និងអភិរក្សដំរីស្រុក ចំនួន ០៤ក្បាល ក្នុងនោះឈ្មោលពីរ ញីមួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុក៕