2024-10-18 09:10
6

ខេត្តរតនគិរី៖    ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២៤ត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”ក្រោមអធិបតីភាពឯកឧត្តម ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ័ណ្ឌ ចំណាន  អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងសំណេះសំណាលជាមួយលោកយាយ លោកតា អ៊ុំ ពូ មីង ជាង៤០០នាក់ ដែលបានចូលរួម នាឱកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណាន បានចាត់ទុកការប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់អន្តរជាតិ និង មនុស្សចាស់កម្ពុជា ០១តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ”មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល គឺជាទិវាមួយសម្រាប់រំលឹកគុណមនុស្សចាស់នៅទូទាំងសកលលោក និងសម្រាប់លើកកម្ពស់មនសិការ ទទួលខុសត្រូវរបស់យើងចំពោះមនុស្សចាស់ ក្នុងការចូលរួមកសាងសង្គមជាតិ មួយដែលមានការយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសមនុស្សវ័យចាស់។ 

ឯកឧត្តមបន្តថា ជាក់ស្តែងនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យសង្គមកិច្ចជាអទិភាព សំខាន់មួយ នៅក្នុងបញ្ចកោណទី១”ការអភិវឌ្ឍធនធានមនុស្ស និងក្នុងមុំទី៤“ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង ដែលមានគោលដៅជាយុទ្ធសាស្ត្រគឺ ការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំនិងសង្គតិភាព ទាំងក្នុងប្រព័ន្ធសន្តិសុខសង្គម ប្រព័ន្ធជំនួយសង្គម ការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់ សន្តិសុខស្បៀង និងអាហារូបបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ 

មនុស្សចាស់គឺជាធនធានដ៏មានសារៈសំខាន់បំផុត លោកបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយៗ មនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាទុកនូវ សមិទ្ធិផលជាតិ និងស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ។ 

ចំណុចទាំងអស់នោះ យើងអាចមើលឃើញថា មរតកទាំងអស់នេះ មិនអាចកាត់ផ្តាច់បាននូវគុណូបការៈប្រកបដោយគតិបណ្ឌិត ការអប់រំប្រៀនប្រដៅ និងស្នាដៃនៃបុព្វបុរស និងមនុស្សចាស់របស់យើងបានឡើយ។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំសីលធម៌ និងចរិយាធម៌ របស់សង្គមជាតិកម្ពុជាយើង។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២៤នេះ  គណៈអធិបតីបានឧបត្ថម្ភដល់លោកតា លោកយាយ ដែលជាសមាជិកមនុស្សចាស់ទាំងជាង៤០០នាក់ ក្នុងម្នាក់ទទួលបានថវិកា៣ម៉ឺនរៀល និងមី ១កេស និងអាវ១ផងដែរ៕