ខេត្តស្វាយរៀង៖ ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមម្នាក់ត្រូវបានបក្សពួកមករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ រួចជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា០៤និង ២៥នាទីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀងស្ថិតនៅភូមិស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគរបាល ក្រុងស្វាយរៀងនិងមន្រ្តីពន្ធនាគារខេត្ត បានចុះស្រាវជ្រាវ ស្វែងរកបក្សពួកជនសង្ស័យ រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃដដែល ក៏បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចក៏បានដឹកនាំកម្លាំងធ្វើការឡោមពទ្ធ័ ផ្ទះសំណាក់ ចំនួន២ ទី១ ផ្ទះសំណាក់ចំរើនសុវណ្ណ វត្តីមានលាភ ទី២ ផ្ទះសំណាក់ សុខហេង។ រហូតដល់វេលាម៉ោង ៦និង៣០នាទីព្រលប់ សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង ជាលទ្ធផល បានឃាត់ខ្លួន ជនជាតិ វៀតណាមចំនួន០៣នាក់ស្រី២នាក់ ប្រុសម្នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ខាងលើនេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ ប្រហែលជាកន្លះខែមកហើយ និងបានយកបាយម្ហូបឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀង ជាងកន្លះខែមកហើយ។
ចំណែកជនជាតិវៀតណាមចំនួន០២នាក់ ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តី មានលាភ ស្នាក់នៅចំនួន១អាទិត្យមកហើយ ករណីនេះសមត្ថកិច្ចបានដាក់ការ សង្ស័យថា ជាជនសង្ស័យដែលបានទៅរំដោះឧក្រិដ្ឋជន ជនជាតិវៀតណាម ម្នាក់ នៅក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រិត្តនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់ជាមួយជនសង្ស័យខាងលើ គឺជា ប្រពន្ធរបស់ជនសង្ស័យជាឧក្រិដ្ឋជន ដែលជាប់ក្នុងពន្ធនាគារ ខេត្តដែលបក្សពួកទៅរំដោះចេញពីពន្ធនាគាររួចឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ទាក់ទិនករណីនេះដែរ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មុនដំបូងមានបុរសជនជាតិវៀតណាមម្នាក់ បានមកសុំមន្ត្រី យាមពន្ធនាគារ ដើម្បីជួបសួរសុខទុក្ខ ជនសង្ស័យ ម្នាក់ជាជនជាតិវៀតណាមជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង ។ ពេលនោះមន្ត្រីយាមពន្ធនាគារ ក៏បាននាំជនសង្ស័យជាឧក្រិដ្ឋជនចេញ ពីក្នុងពន្ធនាគារ មកទ្វារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វារស្រាប់តែជនជាតិវៀតណាមខាងលើនេះ បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យជាឧក្រិដ្ឋជននោះបានកញ្ឆក់យកអាវុធខ្លី រួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ ប៉ុន្តែសំណាងល្អ មិនផ្ទុះ ។
បន្ទាប់មកពួកគេក៏បាននាំគ្នាឡើងជិះម៉ូតូ គេចខ្លួន ហើយនៅពេលនោះដែរក៏មានមន្ត្រី ពន្ធនាគារម្នាក់ថ្នាក់វរៈសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ហើយក៏មានមន្ត្រី នគបាលម្នាក់ទៀតស្រែកថា វាមានកាំភ្លើង ខណៈនោះមន្ត្រីនគរបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ហើយក៏ជាឱកាសជនសង្ស័យបានជិះម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។
បើតាមសមត្ថកិច្ចបានមើលរូបតាមកាម៉េរាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។
បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយនិង ឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨ទៅ៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃទៀតផង ។ចំណែកជនជាតិវៀតណាមស្រីប្រុស០២នាក់ដែលមកស្នាក់នៅបានមួយអាទិត្យក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅ ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃពេក។
ដោយឡែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី២៩តុលា ថា នេះគឺជារឿងមួយដែលគួរឲ្យសោកស្តាយ ខណៈមានភ្ញៀវ ជនជាតិវៀតណាមមកស្នាក់រយៈពេល០៧ថ្ងៃ ហើយប្អូនគាត់មិនបានថតប៉ាស្ព័រ ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើននោះទេពោលគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក ទើបមានការចន្លោះប្រហោង។
ទាក់ទិនករណីនេះដែរ លោកប្រធានពន្ធនាគារខេត្តស្វាយរៀងបានមានប្រសាសន៍តាមទូរសព្ទ័នារសៀលថ្ងៃទី២៩ ខែតុលា ថា លោកមិនអាចផ្តល់ព័ត៌មានបានទេ ព្រោះសមត្ថកិច្ចកំពុងធ្វើការ៕