2024-11-07 07:11
13

ភ្នំពេញ៖ នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅលោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto)  ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយសម្របសម្រួល បង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism)។

នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto)  ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី កម្ពុជា-ឥណ្ឌូនេស៊ី ក្នុងទិសដៅផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងផ្សព្វផ្សាយអំពីលំហូរទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍រវាងប្រទេសទាំងពីរ។

សូមគូសបញ្ជាក់ថា ក្នុងកិច្ចជំនួបពិភាក្សានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការតភ្ជាប់គោលដៅទេសចរណ៍រវាងសៀមរាបអង្គរ ជាមួយតំបន់ប្រាសាទបុរោពុទ្ធ (Borobudur) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការកញ្ចប់ទស្សនកិច្ច ( Tour package cooperation) ខណៈគោលដៅទាំងពីរ សុទ្ធជាគោលដៅទេសចរណ៍ដ៏ទាក់ទាញផ្នែកវប្បធម៌ពោរពេញទៅដោយអច្ឆរិយភាព ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរទៅវិញទៅមក។
 

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី ហួត ហាក់ ស្នើទៅឯកអគ្គរដ្ឋទូត ជួយសម្របសម្រួល បង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism) រវាងក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍កម្ពុជា និងអង្គភាព Muslim Friendly Tourism របស់ឥណ្ឌូនេស៊ី និងស្នើជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀត ជាពិសេសការហោះហើរទៅកាន់តំបន់សក្តានុពលទេសចរណ៍ នៃប្រទេសទាំងពីរ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នាឱ្យបានទូលំទូលាយ។

លោករដ្ឋមន្ត្រីក៏បានស្នើភាគីឥណ្ឌូនេស៊ី ពិភាក្សាជាមួយក្រុមការងារបច្ចេកទេស ដើម្បីរៀបចំកិច្ចប្រជុំក្រុមការងាររួមលើកទី១ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ឥណ្ឌូនេស៊ី (the 1st Cambodia-Indonesia Tourism Working Group Meeting) ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដើម្បីអនុវត្តនូវចំណុចឯកភាពខាងលើឱ្យលេចចេញជារូបរាងផងដែរ៕