រដ្ឋធានីសេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង លោក លី ស៊ុង-ក្វុន (Lee Sung-kwon) បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថា ទាហានកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយ ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន យ៉ាងតិច១០០នាក់បានបាត់បង់ជីវិត ចាប់តាំងពីពួកគេបានចូលរួមប្រយុទ្ធ នៅក្នុងខែនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃដដែលនេះ។
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជូនទាហានកូរ៉េខាងជើង រាប់ពាន់នាក់ ទៅជួយពង្រឹងកម្លាំងទាហានរុស្ស៊ី ដោយរាប់បញ្ចូលទាំងតំបន់ឃើស្ក (Kursk) របស់រុស្ស៊ី ដែលកងទ័ពអ៊ុយក្រេន បានរឹបអូសយក កាលពីដើមខែសីហាកន្លងទៅនេះ។
លោក លី សមាជិកសភាកូរ៉េខាងត្បូង បានបញ្ជាក់ ថា៖« នៅក្នុងធ្នូនេះ ទាហានកូរ៉េខាងជើង បានចូលរួមប្រយុទ្ធយ៉ាងសកម្ម។ នៅក្នុងអំឡុងពេលនេះ ទាហានកូរ៉េខាងជើង យ៉ាងតិច ប្រហែល១០០នាក់ បានរងការខូចខាត។
ស្របគ្នានេះដែរ ទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូង ក៏បានរាយការណ៍ផងដែរ ថា ចំនួនទាហានកូរ៉េខាងជើង រងរបួស ជិត១០០០នាក់៕