2023-05-19 07:05
223


ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រមាណ ១៣គ្រួសារ រស់នៅភូមិបាគូ ភូមិព្រីងខ្ពស់ ភូមិឥន្ធធ្យា និងភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានរងការខូចខាតយ៉ាងដំណំដោយសារតែគ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់)ពេលមេឃធ្លាក់ភ្លៀង នេះបើយោងតាមរបាយការណ៍អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ។


   ក្នុងរបាយការណ៍ដដែលឱ្យដឹងថា ផ្ទះសម្បែងដែលរងការខូចខាតដោយសារគ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីរសៀលម្សិលមិញ ថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
   របាយការណ៍របស់អាជ្ញាធរដដែលបញ្ជាក់ទៀតថា ផ្ទះសម្បែង បន្ទប់ទឹក និងរោងសត្វគោ ក្របី ដែលរងការខូចខាត រួមមាន របើកដំបូលប្រក់សង្ក័សី ក្បឿង ជញ្ជាំងបាំងក្ដារអស់ទាំងស្រុង ប៉ើងដំបូលទាំងស្រុង ហោះចេញពីជើងសសរបេតុង ដួលរលំ និងបាក់ដើមឈើសង្កត់សំយាបផ្ទះ។ល។ ប៉ុន្តែទោះជាយ៉ាងណាក្ដីពុំមានមនុស្សឬសត្វរងគ្រោះនោះឡើយ ។
   គួររំលឹកផងដែរថា កន្លងទៅថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចខេត្តឧស្សាហ៍រំលឹកដល់ប្រជាកសិករ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងសហការចុះឱ្យទាន់សភាពការណ៍ខណៈគ្រោះធម្មជាតិដើមឆ្នាំនេះ មានការកាចសាហាវដោយពុំមាននរណាដឹងមុននោះទេ ហើយកន្លងមកប្រជាកសិករយើងក៏រងការខួចខាតជាច្រើនខ្នងផ្ទះ ច្រើនគ្រួសារហើយមកដែរ ៕