ភ្នំពេញ៖ ក្រុមគ្រួសារ និងសាច់ញាតិ បានដឹកសពជនរងគ្រោះ ចំនួន ០២ នាក់ ចូលតាមគ្លីនិកឯកជន និងមន្ទីរដ្ឋធំៗជាច្រើនកន្លែង ស្ទើរពេញមួយយប់ ដើម្បីស្វែងរកការជួយសង្គ្រោះអាយុជីវិត ដោយសារមិនទាន់អស់ចិត្តថាស្លាប់ទោះបីគ្រូពេទ្យបានបញ្ជាក់ហើយបញ្ជាក់ទៀតថា «ពួកគេស្លាប់» ក៏ដោយ រហូតដល់ព្រឹកឡើងទើបរៀបចំធ្វើបុណ្យសពតាមប្រពៃណី ក៏បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រោងព្រាតនាំគ្នាចុះទៅពិនិត្យសព និងដាក់ការសន្និដ្ឋានបឋមថា អាចករណីគ្រោះថ្នាក់ចរាចរណ៍។
ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះទាំងពីរនាក់ដែលស្លាប់ខាងលើ រួមមាន ទី១៖ ឈ្មោះ ផុស សុជាតិ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និង ទី២៖ ឈ្មោះ ធឿន សៀង ហៃ ហៅនីតា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ភូមិតាំងបន្ទាយ ឃុំតាំងបន្ទាយ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធករណីស្លាប់ជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបុករថយន្តធំពីក្រោយ ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមផ្លូវបេតុងចូលផ្សារសាមគ្គី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ ចំនួន ០២ នាក់ បានជិះម៉ូតូ ០១ គ្រឿង ឌុបគ្នាដើរពេលយប់សង្ស័យជិះបុករថយន្តធុនធំពីក្រោយ បណ្ដាលឲ្យស្លាប់ទាំងពីនាក់នៅនឹងកន្លែងភ្លាមៗ ប៉ុន្តែក្រុមគ្រួសារ បងប្អូន និងសាច់ញាតិ មិនទាន់អស់ចិត្តថា «ស្លាប់» បាននាំគ្នាដឹកសពជនរងគ្រោះទាំងពីរយកទៅកាន់មន្ទីរពេទ្យឯកជនជាច្រើនកន្លែងដោយក្រុមគ្រូពេទ្យមិនហ៊ានទទួលមើលនោះឡើយ។ ដោយគិតថាជនរងគ្រោះមិនទាន់ស្លាប់ ក៏បន្តដឹកទៅមន្ទីពេទ្យ តេជោសន្តិភាព លោកគ្រូពេទ្យប្រចាំការបានប្រាប់ថា «ជនរងគ្រោះស្លាប់» ហើយ។ ទោះបីគ្រូពេទ្យបញ្ជាក់ថា «ស្លាប់» ក៏ក្រុមគ្រួសារមិនទាន់អស់ចិត្ត ក៏ដឹកទៅដល់មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដើម្បីឱ្យក្រុមគ្រួពេទ្យពិនិត្យមើល ពេលដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យគ្រូពេទ្យនៅតែបញ្ជាក់ប្រាប់ថា «ពួកគេស្លាប់» អស់ហើយ ទើបដឹកសពវិលត្រឡប់មកផ្ទះវិញ រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមិនបានរាយករណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក៏បង្កឱ្យការភ្ញាក់ផ្អើលមានមនុស្សស្លាប់ ចុះមកព្រោងព្រាតសួរនាំ និងធ្វើកំណត់ហេតុក្រុមគ្រួសារសពតែម្តង។
សាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង ០២ នាក់ ជិះម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-0473 ឈ្មោះ ធឿន សៀងហៃ ហៅនីតា ជាអ្នកបើកបរម៉ូតូឌុបគ្នាធ្វើដំណើរចេញផ្ទះក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានជួបគ្រោះថ្នាក់ចរាចរសង្ស័យបុកពីក្រោយរថយន្តធុនធំមិនស្គាល់ស្គាល់ភិនភាគ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ព្រោះម៉ូតូមានសភាពរងការខូចខាតខ្ទេចអស់មួយកំណាត់មុខ។
ប្រភពបន្កថា ក្រោយពេលកើតហេតុ រថយន្តបានបន្តដំណើរគេចបាត់ស្រមោលបាត់ ប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្តថាពួកគេស្លាប់ ក៏បានដឹកតាមម៉ូតូទៅកាន់មន្ទីរពហុព្យាបាល ឡាំ ប៊ុនថន ដើម្បីសង្រ្គោះ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ «ស្លាប់» ហើយ មិនអស់ចិត្តទៀត ក៏ដឹកបន្តទៅកាន់គ្លីនិចឯកជនផ្សេងៗទៀត គ្រូពេទ្យបានបញ្ជាក់ប្រាប់ទៀតថា «ពួកគេបានស្លាប់» នៅមិនទាន់អស់ចិត្ត ក៏ដឹកទៅកាន់មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងមន្ទីរពេទ្យព្រះកុសមៈ គ្រូពេទ្យបានបញ្ជាក់ប្រាប់ដូចគ្នា ទើបអស់ចិត្តដឹកត្រឡប់មកផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណីទៀត ។
សូមបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ផុស សុជាតិ ត្រូវបានក្រមគ្រួសារធ្វើបុណ្យនៅផ្ទះក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកសពជនរងគ្រោះ ធឿន សៀងហៃ យកទៅធ្វើបុណ្យនៅស្រុកកំណើត ភូមិតាំងបន្ទាយ ឃុំតាំងបន្ទាយ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះពុំបានរាយការណ៍ប្រាប់ឲ្យដឹងនោះទេ រហូតដល់វេលាម៉ោង ៨ព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីឃើញធ្វើបុណ្យសព ហើយសួរនាំទៅទើបដឹង និងចុះធ្វើការស្រាវជ្រាវ ប៉ុន្តែនៅទីតាំងកើតហេតុខាងលើពុំមានកាមេរ៉ាសុវត្ថិភាព ដើម្បីមើលនោះទេ ហើយតាមការសន្និដ្ឋានជនរងគ្រោះជិះម៉ូតូបុកពីក្រោយរថយន្តធុនធំ៕