ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ កំពុងជាប់ឃុំក្នុងមណ្ឌលកែប្រែ និងតាមពន្ធនាគាររាជធានី ខេត្ត ដើម្បីពិភាក្សា រកដំណោះស្រាយស្របច្បាប់ និងស្របតាមគោលការណ៍មនុស្សធម៌ជាតិ និងអន្តរជាតិ។
កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានការអញ្ជើញចូលរួមពី តំណាងក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាន នាយកដ្ឋាន និងជាមន្ត្រីជំនាញមួយចំនួនទៀត ទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២៥ នេះ។
តាមក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កិច្ចប្រជុំករណីជនជាប់ឃុំដែលជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានី-ខេត្ត ដើម្បីពិភាក្សា រកដំណោះស្រាយស្របច្បាប់ និងស្របតាមគោលការណ៍មនុស្សធម៌ជាតិ និងអន្តរជាតិ លើបញ្ហាប្រឈមរបស់ជនជាប់ឃុំ ដែលស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្តផងដែរ។
សូមបញ្ជាក់ដែរថា កាលពីខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើការនែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព មាតា និងទារក រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ នៅក្នុងពន្ធនាគារ ពោលគឺត្រូវបញ្ចូលស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ដែលជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ៕