តាកែវ៖ សំណង់អគារកម្ពស់ ៥ជាន់ ត្រូវបានគេប្រសិទ្ធនាមថា «អគារគុណមាតាមិតា និងប្រាសាទជល់មុន្នី ១៨សែនកោដ» សាងសង់បែបសាសនាដោយគ្មានច្បាប់អនុញ្ញាតខុសលក្ខណៈបច្ចេកទេស និងរូបបដិមារខុសក្បួនខ្នាតចំឡែកៗ ស្ថិតទីតាំងដីទំហំប្រមាណ ១៤ ហិកតា ក្នុងបរិវេនផ្ទះរបស់លោក ធាន វុទ្ធ ជាអតីតចៅអធិការវត្តទួលរាជាបានសាងសង់ជាច្រើនឆ្នាំកន្លងមកហើយនោះ ពេលនេះអាជ្ញាធរខេត្តតាកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ ទើបភ្ញាក់រលឹកចុះទៅពិនិត្យនិងសម្រេចផ្អាកជាបណ្តោះអាសន្ន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, មន្ទីរធម្មការ និងសាសនា, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរព័ត៌មាន, អាជ្ញាធរស្រុកព្រៃកប្បាស និងអាជ្ញាធរដែនដីភូមិ-ឃុំ ចុះពិនិត្យសំណង់ និងរូបបដិមារមួយចំនួនបាននឹងកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ខុសលក្ខណៈបច្ចេកទេសបានសម្រេចផ្អាកជាបណ្តោះអាសន្ន។
លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ ដែលបានដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងនេះ បានគូសបញ្ជាក់ថា «ទីតាំងនេះសាងសង់នេះ សង់លើផ្ទៃដីទំហំប្រមាណ ១៤ ហិកតា ដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន ហើយមានរូបបដិមាករជាច្រើន មិនសមស្របតាមលក្ខណៈរចនាបទបច្ចេកទេសរបស់វប្បធម៌ខ្មែរ ការសាងសង់សំណង់នានា មានអគារគុណមាតាមិតា ប្រាសាទជល់មុន្នី ១៨សែនកោដ អគារកម្ពស់៥ជាន់ មិនបានឆ្លងកាត់ជំនាញវិស្វករត្រួតពិនិត្យ និងមិនមានច្បាប់អនុញ្ញាតធ្វើតាមការបញ្ជាពីលោក ធាន វុទ្ធី និងរូបបដិមាករគ្មានការពិនិត្យពីមន្ត្រីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវឡើយ»។
ការសាងសង់សំណង់តាមអំពើចិត្តគ្មានច្បាប់ និងខុសក្បួនខ្នាតរបស់បុគ្គលឈ្មោះ ធាន វុទ្ធី ស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក ធាន វុទ្ធី ត្រូវបានគេស្គាល់ថា ជាអតីតចៅធិការវត្តទួលរាជា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវតាំងខ្លួនឯងជាព្រះសិអារ្យមេត្រី បានក្រសួងធម្មការ និងសាសា មន្ត្រីសង្ឃ ព្រមទាំងអាជ្ញាធរចុះទៅឃាត់ខ្លួន និងសម្រេចបណ្តេញចេញពីវត្ត បន្ទាប់ពីអតីតសង្ឃអង្គនេះ ទទួលស្គាល់កំហុសឆ្គង ដែលប្រតិបត្តិផ្ទុយពីធម៌វិន័យជាសង្ឃ បោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសយកលុយធ្វើមានធ្វើបាន ដោយសាងសង់រូបបដិមារព្រមទាំងសំណង់ផ្សេងៗតាមអំពើចិត្តគ្មានច្បាប់និងខុសរចនាបទខ្មែរតែម្តង។
លោក ម៉ឹង វុធី បានបន្ថែមទៀតថា «ក្រោយពីក្រុមការងារជំនាញបានចុះពិនិត្យយ៉ាងចិត្តទុកដាក់ និងល្អិតល្អន់ក៏បានសម្រេចណែនាំឱ្យផ្អាករាល់ការសាងសង់ទាំងអស់ និងសូមឱ្យម្ចាស់ការដ្ឋានសាងសង់ សហការជាមួយអាជ្ញាធរនិងមន្ទីរអង្គភាពជំនាញដើម្បីសហការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស រូបបដិមា សំណង់នានា ការគ្រប់គ្រងកម្មករសាងសង់…ឲ្យស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវវិញ»៕