2025-01-08 11:28
42

រាជធានីភ្នំពេញ ៖ បុរសបីនាក់ត្រូវជាមិត្តភក្ដិនឹងគ្នា បានចូលផឹកស៊ីក្នុងហាងមួយកន្លែង លុះនៅពេលផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែទាស់ពាក្យសម្តីគ្នាឯងបង្កជាហិង្សារហូតដល់មានចានហោះកែវហើរ បណ្ដាលឲ្យបែកក្បាលពីរនាក់ ចំណែកម្នាក់និយាយគ្នាមិនស្ដាប់បំរុងតដៃជាមួយសមត្ថកិច្ចពេលចុះទៅអន្តរាគមន៍ក៏ត្រូវបានវ៉ៃខ្នោះបញ្ជូនទៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ចំណុចហាងផឹកស៊ីយីហោ comfod (ខមហ្វត) ទល់មុខ និងវិទ្យាល័យទួលស្វាយព្រៃ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុមានបុរសបីនាក់ សុទ្ធតែជាមិត្តភក្ដិនឹងគ្នាបានចូលផឹកស៊ីនៅហាងខាងលើនោះ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន មិនដឹងថា ទាស់ពាក្យសម្តីអ្វីនឹងគ្នាទេ ស្រាប់តែកើតទៅជាហិង្សាគប់ចានហោះ កែវហើរ ទៅវិញទៅមក នៅក្នុងហាង បណ្តាលអោយរបួសបែកក្បាលពីរនាក់ ចំណែកម្ខាងទៀតអត់របួសនោះទេ ព្រោះគ្រាន់តែជាអ្នកជួយឃាត់ កុំអោយឈ្លោះគ្នាបន្តទៀត ។ប្រភពបន្តទៀតថា បន្ទាប់ពីកើតហេតុខាងសន្តិសុខបានដេញបុរសទាំងបីនាក់ឲ្យចេញក្រៅ ស្រាប់តែបុរសបីនាក់នោះបានរត់ដេញវា.យគ្នាប្រសាចពេញផ្លូវ ដោយប្រើសុទ្ធតែខ្សែក្រវាត់រហូតទាល់តែសមត្ថកិច្ច មូលដ្ឋានចុះទៅដល់និយាយហាមឃាត់មិនឲ្យបង្កអំពើហិង្សាទៀត ស្រាប់តែបុរសទាំងនោះមិនស្ដាប់ នៅតែទាញខ្សែក្រវាត់វ៉ៃគ្នាទៅវិញទៅមក រហូតទាល់តែកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះទៅដល់ ឃាត់សួរនាំបុរសទាំង៣នាក់នោះបម្រុងតដៃជាមួយនឹងសមត្ថកិច្ចទៀត ទើបត្រូវបានសមត្ថកិច្ចប្រើធម៌ក្ដៅចាប់វា.យខ្នោះបុរសទាំងបីនោះ ដោយមានពីរនាក់រងរបួសបែកក្បាល និងម្នាក់ទៀតអត់មានរបួស រួមទាំងវត្ថុតាងខ្សែក្រវាត់១ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីចាត់ការតាមនីតិវិធីតែម្ដងទៅ ។

ពាក់ព័ន្ធករណីខាងលើនេះភាគីបុរសនាក់មិនទាន់បានសងសំណងថ្លៃការខូចខាត សម្ភារៈក្នុងហាងនៅឡើយទេ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នោះ ៕