ភ្នំពេញ៖ បន្ទាប់មហាជនផ្សព្វផ្សាយរិះគន់លើបណ្តាញសង្គមចំពោះមន្ត្រីនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ អំពីករណីថា៖ «ស៊យចុ..យម្រាយផឹកពីរកំប៉ុងអស់២៥ម៉ឺន តើក្នុងមាត្រាទីប៉ុន្មានពិន័យ២៥ម៉ឺនរៀល ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង តើមាត្រាទីប៉ុន្មានក្នុងច្បាប់ចរាចរណ៍ដែរ ផាកពិន័យជាតិអាកុល 0,25cc ជួយប្រាប់» នៅខណ្ឌព្រែកព្នៅ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «សមត្តកិច្ចបានផាកពិន័យតាមច្បាប់កំណត់ ចំនួន ២៥ម៉ឺនរៀល ដោយពេលនោះ អ្នកបើកបរម៉ូតូមិនមានការតវ៉ានោះទេ ហើយសមត្ថកិច្ចបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ជុំវិញការបង្ហោះវីដេអូរបស់អាខោនហ្វេសប៊ុកឈ្មោះ «វណ្ណៈ កំពត» និងអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុក យកទៅបង្ហោះស៊ែបន្តគ្នា ដែលមានខ្លឹមសារ “ស៊យចុយម្រាយផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង តើមាត្រាទីប៉ុន្មានក្នុងច្បាប់ចរាចរណ៍ដែរ ផាកពិន័យជាតិអាកុល0,25ccជួយប្រាប់” នៅខណ្ឌព្រែកព្នៅ
ជុំវិញករណីខាងលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងចម្រុះ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគោលដៅផ្លូវ ២០១១ (កែងវត្តជុំ) ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ លុះវេលាម៉ោង ២៣និង៣៦នាទី មានម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1T-9544 បើកបរដោយបុរសម្នាក់ ឈ្មោះ គូ វិរះ ភេទប្រុស ឆ្លងកាត់គោលដៅត្រួតពិនិត្យ ទើបសមត្ថកិច្ចឱ្យអ្នកបើកបរម៉ូតូសហការ ដើម្បីធ្វើតេស្តបឋមរាប់លេខ ប្រើម៉ាស៊ីនធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង។
តាមបំភ្លឺបានបញ្ជាក់ថា៖ «ក្រោយពីមានជាតិស្រវឹង សមត្ថកិច្ចបានឱ្យគាត់ផ្តុំវាស់រកកម្រិតជាតិអាល់កុល ជាលទ្ធផលឃើញមានកម្រិតជាតិអាល់កុល ០.២៥mg/L ហើយសមត្តកិច្ចបានផាកពិន័យតាមច្បាប់កំណត់ ចំនួន២៥០,០០០រៀល (ម្ភៃប្រាំម៉ឺនរៀល) ដោយពេលនោះ អ្នកបើកបរម៉ូតូមិនមានការតវ៉ា និងសមត្ថកិច្ចបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបំភ្លឺទៀតថា៖ «ដោយឃើញគាត់មានកម្រិតជាតិអាល់កុល និងគាត់បានធ្វើការផាកពិន័យរួចរាល់ សមត្ថកិច្ចមិនទាន់អនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅមុខទៀតទេ ឱ្យគាត់សម្រាកជិតមួយម៉ោង ដើម្បីកាត់បន្ថយជាតិស្រវឹងក្នុងខ្លួន លុះបន្ទាប់មកឃើញមានភាពស្វាងស្រវឹង ទើបអនុញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ»។
ប៉ូលិសបានបញ្ជាក់ថា: បើយោងតាមអនុក្រិត្យលេខ ៣៩ អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យយោងទៅតាម មាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបររថយន្ត ម៉ូតូ ម៉ូតូកង់បី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
-ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុលចាប់ពី ០.២៥-០.៣៩ សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យ ចំនួន ២៥ ម៉ឺនរៀល។ សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យ ចំនួន ៤០ ម៉ឺនរៀល និងសម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ចំនួន ៨០ ម៉ឺនរៀល។ ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី ០.៤០ ឡើងទៅ សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យ ចំនួន ១ លានរៀល។ សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យ ចំនួន ២ លានរៀល និងសម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យ ចំនួន ៤ លានរៀល៕