2025-01-09 19:15
18

គុនខ្មែរ៖ កីឡាករគុនខ្មែររហ័សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានបង្ហោះសារនៅលើគណនីយហ្វេស ប៊ុករបស់ខ្លួន កាលពីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះថា ភ្នែកខ្ញុំតាំង ពីប្រកួតថ្ងៃទី៣១ ខែ១២ ដោយសារដៃគូចាក់ភ្នែកមក នៅមិនទាន់បាត់ទេ ។ តាមរយៈខ្លឹមសារក្នុងសំណេរ ភ្ជាប់ជាមួយរូបភាព បានបង្ហាញដោយ មេធីម រឿង សោភ័ណ្ឌ បានធ្វើ ឲ្យ អ្នកគាំទ្រព្រួយបារម្ភពីស្ថានភាពភ្នែករបស់កីឡាករជួរមុខកម្ពុជារូបនេះ ហាក់មិនទាន់បានល្អប្រសើរ ឡើងវិញនៅឡើយ ក្រោយការប្រកួតត្រូវបានកន្លងផុត១០ថ្ងៃ ទៅហើយនោះ។

គួររម្លឹកដែរថា មេធីម រឿង សោភ័ណ្ឌ ត្រូវជួបប្រកួតជាមួយកីឡាករ ផុន សៃប៊ុនផេង មកពីប្រទេសឡាវ ណាត់ជួបគ្នាក្នុងប្រភេទ ទម្ងន់៦៩គីគូក្រាម និងប្រើហ្គង់ចេញម្រាម ដើម្បីដណ្ដើមយកខ្សែក្រវាត់ KRUD KUN KHMER CHAMPION ចំនួន១ខ្សែ ហើយក៏ជាគូឯកប្រចាំព្រឹត្តិការណ៍ផងដែរ។

កីឡាករគុនខ្មែរ ដែលមានរហ័សមានដៃភ្លើងជើងរន្ទះ មេធីម រឿង សោភ័ណ្ឌ ត្រូវបានកីឡាករ ផុន សៃនប៊ុនផេង ប្រើម្រាមដៃចាក់ចូលភ្នែកផ្នែកខាងស្ដាំ អំឡុងពេលដែលអ្នកទាំង២ ព្យាយាមប្ដូរកណ្ដាប់ ដៃគ្នាទៅមក នៅក្នុងទឹកទី១ ។ ប៉ុន្តែ ការប្រកួតនេះ នឹងនៅតែបន្តរហូតដល់ទឹកទី៣ ដែលជាទឹកផ្ដាច់ ព្រ័ត កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ បានវាយផ្ដាច់ដៃគូឲ្យបោះបង់ការប្រកួត និងដណ្ដើមបាន ខ្សែ ក្រវាត់ KRUD KUN KHMER CHAMPION អមដោយទឹកប្រាក់ចំនួន៨លានរៀល ពីកម្មវិធី ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីចប់ការប្រកួត ដោយត្រូវបានដៃគូចាក់ភ្នែក រហូតមកដល់ ពេលនេះ គឺមានរយៈពេល១០ថ្ងៃ ហើយ មេធីម រឿង សោភ័ណ្ឌ នៅមិនទាន់បានធូរស្បើយ នៅឡើយទេ។ ជាមួយគ្នានេះ អ្នកគាំទ្រគុនខ្មែរបានសម្ដែងនូវការសោកស្ដាយចំពោះកីឡាករជួរមុខកម្ពុជា ដែលជួបរឿងបែបនេះ និងសូមជូនពរឲ្យកីឡាករ រឿង សោភ័ណ្ឌ ឆាប់ជាពីរបួសផងដែរ៕