(កំពត)៖ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញជួបសំណេះសំណាលនិងពិភាក្សាបញ្ហាប្រឈម នឹងបានសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥ គ្រួសារដែលបានរស់នៅលើដីជាប់ដងព្រែកកំពុងបាយចាប់ពីគល់ស្ពានឥន្ទធនូរហូតដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ស្ពានកំពុងបាយ) ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនិងការរុះរើសំណង់ ដែលប៉ះពាល់ចំណីមាត់ព្រែកដើម្បីកំណត់យកទំហំទីតាំងរុះរើដើម្បីរៀបចំសោភ័ណ្ឌភាពបន្ថែមទៀត និងចាប់ផ្ដើមបើកផ្លូវមាត់ព្រែកចាប់ពីគល់ស្ពានចាស់រហូតដល់ស្ពានថ្មីនៅត្រើយខាងលិច។
អាជ្ញាធរខេត្តកំពត បានបន្តអភិវឌ្ឍតំបន់ឆ្នេរព្រែកកំពង់បាយត្រើយខាងលិចក្នុងដំណាក់កាលទី២ ដោយស្ថាបនាផ្លូវចាប់ពីចំណុចគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ហើយតម្រូវឱ្យប្រជាពលរដ្ឋទាំង ៣៥គ្រួសារដែលរស់នៅជាប់ព្រែកចូលរួមរុះរ៉ើសំណង់ដែលប៉ះពាល់ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ក្នុងអណាត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានចង្អុលទិសឱ្យនៅតាមបណ្តាខេត្តដែលជាគោលដៅទេសចរណ៍ ត្រូវពង្រីកសក្តានុពលដើម្បីស្រូបយកទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន ទាំងក្នុងប្រទេស ក្រៅប្រទេស ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា ការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះគឺតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការរុះរើសំណង់ដែលប៉ះពាល់ដល់ចំណីព្រែកកំពង់បាយ ហើយការអភិវឌ្ឍនេះគឺមិនឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះឡើយ។
ក្រោយពីកិច្ចប្រជុំរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋទាំង ៣៥គ្រួសារចុះពិនិត្យទីតាំង និងផលប៉ះពាល់ជាក់ស្តែងនិងទទួលយកសំណើរ សំណូមពររបស់ពលរដ្ឋផងដែរ។
ក្រោយពីបានពិភាក្សា ក៏ដូចជាទទួលយកមតិយោបល់ពីពលរដ្ឋទាំង ៣៥គ្រួសាររួចមក ប្រជាពលរដ្ឋទាំងអស់ក៏យល់ព្រមឯកភាពតាមការកំណត់ របស់អាជ្ញាធរខេត្តក្នុងការរុះរើសំណង់ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងសំដែងក្តីសប្បាយរីករាយក្នុងការចូលរួមផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានបែងចែកការអភិវឌ្ឍតំបន់ឆ្នេព្រែកកំពង់បាយត្រើយខាងលិចជា ៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) រហូតដល់ស្ពានរថភ្លើង។
នៅក្នុងថ្ងៃដដែលឯកឧត្តមម៉ៅ ធនិន អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលរមាសចាស់ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីរៀបចំធ្វើជាផ្សារគ្រឿងសមុទ្រនាពេលឆាប់ៗខាងមុខនេះផងដែរ។(សឹង រ៉ាត់)