ឡូសអេនជឺលេស៖ ភ្លើងឆេះព្រៃដែលគំរាមកំហែងទីក្រុងឡូសអេនជឺលេស បានសម្លាប់មនុស្សយ៉ាងតិច ១០ នាក់ និងលេបត្របាក់អគារជិត ១ ម៉ឺនខ្នង ដោយសារតែភ្លើងចំនួន ៥ បានឆាបឆេះដែលជាយប់ទីបីហើយនេះគិតត្រឹមតែពីថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះខណៈដែលខ្យល់វាលខ្សាច់ស្ងួតដែលបក់បោកអណ្តាតភ្លើងបានប្រមូលផ្តុំកម្លាំងឆាបឆេះជាថ្មីម្តងទៀត។
បើតាមអ្នកព្យាករណ៍ឯកជនម្នាក់ បានធ្វើការប៉ាន់ប្រមាណពីការខូចខាត និងការបាត់បង់សេដ្ឋកិច្ចពី 135 ពាន់លានដុល្លារ ទៅ 150 ពាន់លានដុល្លារ ដែលបង្ហាញពីការងើបឡើងវិញដ៏លំបាកនិងការកើនឡើងនៃថ្លៃធានារ៉ាប់រងរបស់ម្ចាស់ផ្ទះ ដែលកំពុងតែរងនូវការខូចខាតផងដែរ។
ចំណែកឯអភិបាលក្រុងដែលមកពីគណបក្សប្រជាធិបតេយ្យកំពុងតែប្រឈមមុខនឹងការរិះគន់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump និងសមាជិកមកពីគណបក្សសាធារណរដ្ឋផ្សេងទៀតយ៉ាងខ្លាំង។
លោកប្រធានាធិបតី Joe Biden ដែលបានប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយកាលពីថ្ងៃអង្គារ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់សំណង 100% នៃការស្តារឡើងវិញសម្រាប់រយៈពេល 180 ថ្ងៃបន្ទាប់ ដើម្បីទូទាត់ថ្លៃកំទេចកំទី និងការដកយកចេញនូវសម្ភារៈគ្រោះថ្នាក់ កន្លែងស្នាក់នៅបណ្តោះអាសន្ន និងប្រាក់ខែអ្នកឆ្លើយតបដំបូង។
គួរបញ្ជាក់ថា អគ្គិភ័យដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សមួយបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នៅជិត Calabasas ដែលជាទីក្រុងអ្នកមានបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក និងសុទ្ធតែជាផ្ទះរបស់តារាល្បីជាច្រើនផងដែរ។
ក្នុងនោះផងដែរ ក្រុមមន្ត្រីបាននិយាយថា ជាមួយនឹងអារម្មណ៍ភ័យព្រួយទីក្រុង Los Angeles បានផ្ញើការជូនដំណឹងអំពីការជម្លៀសទូទាំងស្រុកទៅកាន់ប្រជាជនចំនួន 9.6 លាននាក់។ ហើយពេលនេះ មនុស្សជាង 130,000 នាក់ កំពុងតែត្រូវបានជម្លៀស និងស្ថិតក្នុងការបង្ខំឲ្យជម្លៀស។
ក្រុមមន្ត្រីក៏បានបញ្ជាក់ដែរថា អគ្គិភ័យ Eaton បានបំផ្លាញ ឬបំផ្លាញរចនាសម្ព័ន្ធពី 4,000 ទៅ 5,000 ខណៈដែល Palisades Fire បានបំផ្លាញ ឬខូចខាតរចនាសម្ព័ន្ធចំនួន 5,300 ផ្សេងទៀត។