2025-01-10 19:08
32

 

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទ ឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ពាក់ព័ន្ធករណីបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់អ្នកដទៃ។ អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ ជនត្រូវចោទឈ្មោះ ណឹម ណាង ត្រូវបានចោទប្រកាន់ពីបទ៖ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចផ្លូវ ៦០ ម៉ែត្រ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥ ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ០១ គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 092-4771 បានបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិ យានផ្លូវត្រង់ និងអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ហើយក៏បានបុកជាមួយរថយន្ត បណ្តាលឱ្យ ស្លាប់អ្នកបើកបរម៉ូតូឈ្មោះ ដាវីឌ ឬទ្ឋិរុទ្រ ហៅ RuthKo ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ តារាចម្រៀងរ៉េប។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ណឹម ណាង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕