ភ្នំពេញ៖ អគ្គមេបញ្ជាការរង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាឱ្យកម្លាំងកងរាជអាវុធត្រូវឃាត់រថយន្តដែលបំពាក់ស្លាកលេខ ខេមរភូមិន្ទ បើកនាំផ្លូវក្បូនរថយន្តស្រីស្អាតលក់ឡេទៅចូលរួមស៊ីការថ Live បង្ហោះសំញ៉ែងលើបណ្តាញសង្គមនាំឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង។
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ បានដាក់បទបញ្ជាឱ្យកម្លាំងកងអាវុធហត្ថត្រូវប្រញាប់ឆែកមើលគល់បញ្ជីស្លាកលេខរថយន្ត «ខ.ម» នាំក្បួនរថយន្តក្រុមស្ត្រីអ្នកលក់ឡេជាបន្ទាន់ ជាមួយអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិថា «ស្លាកលេខបំពាក់រថយន្តឱ្យអង្គភាពណា ឬជាស្លាកលេខក្លែង»។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ក្នុងសារសំឡេងយ៉ាងដូច្នេះថា៖ «រថយន្តនេះជារបស់ពីណាក៏ដោយ ត្រូវចាប់យកមកទុកម៉ាដុំអត់ទាន់ដោះស្រាយទេ ព្រោះយកស្លាកលេខរបស់កងទ័ពទៅប្រើប្រាស់បើកផ្លូវអ្នកផ្សព្បផ្សាយឡេអញ្ចឹង វាខូចឈ្មោះកងទ័ពអស់ហើយ»។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា៖ «ទោះពីណា ឬផ្កាយប៉ុនណាក៏ដោយអត់បានដាច់ខាត ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ហើយប្រាប់ទៅថា ខ្ញុំជាអ្នកបញ្ជាឱ្យចាប់ ត្រូវយកទុកសិនកុំតែធ្វើឱ្យខួចខាតរបស់គេ។ បើមានថ្នាក់ចេញមកអន្តរាគមន៍ឱ្យទំនាក់ទំនងខ្ញុំ បើយ៉ាងៗនេះកងទ័ពយើងខូចឈ្មោះអត់ ដើម្បីលុយហ៊ានអ្វីៗបែបនេះ»៕